ស្វាយរៀង ៖ ស្ត្រី២នាក់រងរបួសធ្ងន់ ម្នាក់បែកមុខសន្លប់ស្តូក ម្នាក់បាក់ដៃឆ្វេង បន្ទាប់ពីជិះម៉ូតូឌុបគ្នាជ្រុលបុកកូនគោរត់កាត់ផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវកៅស៊ូ ក្នុងភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-6580 ឌុបគ្នាធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែមានកូនគោមួយក្បាលរត់ឡើងកាត់ផ្លូវ ហ្វ្រាំងមិនទាន់ជ្រុលបុក ដួលទាំងម៉ូតូ ទាំងកូនគោ របួសធ្ងន់២នាក់ ម្នាក់សន្លប់ស្តូក ម្នាក់បាក់ដៃឆ្វេង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយលើកដាក់ម៉ូតូកង់បីយកទៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ធ្វើការស្រាវជ្រាវរកម្ចាស់គោ ដើម្បីដោះស្រាយជាមួយភាគីរងគ្រោះ ៕

អត្ថបទ៖តាតុងសែនជ័យ

