
នៅថ្ងៃម្សិលមិញនេះ ភ្លៀងច្រើនសន្ធឹកបានក្លាយជាប្រធានបទចាក់ស្រោចពេញបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសការផុសចេញពីពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ដោយសារអំណាចនៃកម្រិតទឹកភ្លៀងច្រើនមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយ តាមដងផ្លូវស្ទើតែគ្រប់ច្រកល្អកក្នុងរាជភ្នំពេញទឹកបានជន់ជោលិចតិចឬច្រើនអាស្រ័យតាមតំបន់ខ្ពស់ទាប។ សម្រាប់តំបន់ទំនាបៗ តួយ៉ាងតំបន់វត្តដំបូកខ្ពស់ ទឹកមានលើដងផ្លូវមានកំពស់ជាង១ម៉ែត្រឯណោះ។
យ៉ាងណាក៏ដោយ ស្ថានភាពទឹកជនជោនេះ បានស្រកស្រុតផុតទៅជាបណ្ដើរតាំងតែពីយប់មកម្លេះ។ នេះបើតាមសេចក្ដីរាយការណ៍ពីក្រុមការងារព័ត៌មានត្រយងដែលចល័តចេញផ្សាយព័ត៌មានតាមបណ្ដាតំបន់ជាច្រើនក្នុងរាជធានីភ្នំពេញ។ យ៉ាងណាក៏ដោយ ទោះតិចឬច្រើន គឺមេឃនឹងបន្តធ្លាក់ភ្លៀងរហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ គ្រាន់តែកម្រិតនៃការធ្លាក់នោះមានពីខ្សោយ ទៅមធ្យមតែប៉ុណ្ណោះ ប៉ុន្តែអាចមានផ្គរន្ទះដែលគួរប្រុងប្រយ័ត្ន។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ។
មែនទែនទៅ ស្ថានភាពធ្លាក់ភ្លៀងនេះ ក៏មិនជារឿងចម្លែកពេកនោះដែរ ដ្បិតនេះជាដូវវស្សាដែលមានភ្លៀងធ្លាក់ជាធម្មតា។ អ្វីដែលចម្លែក គឺនៅត្រង់ថាភ្លៀងធ្លាក់មានកម្រិតច្រើន ហើយស្ថានភាពលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ នៅតែមិនអាចដោះស្រាយបាន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីក្រសួងសាធារណការ និងដឹកជញ្ជូន ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងពីដៃគូម្ចាស់ជំនួយដូចជា អង្គការ JICA ជាដើម។ ពលរដ្ឋភាគច្រើនហាក់បានទទួលស្គាល់ពីកម្រិតភ្លៀងធ្លាក់ច្រើន ប៉ុន្តែពួកគាត់នៅតែមិនអស់ចិត្តនឹងសមត្ថភាពនៃការដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹករបស់អាជ្ញាធរ៕

