គណបក្ស ចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតរបស់ថៃ និង គណបក្ស ភឿថៃ ដៃគូររបស់ខ្លួន បានយល់ព្រមតែងតាំងសមាជិកជាន់ខ្ពស់នៃក្រុមចម្រុះរបស់ពួកគេជាប្រធានរដ្ឋសភាថ្មី កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០២៣។
ការសម្រេចនេះធ្វើឡើងតាមរយៈការបោះឆ្នោតសភា ត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីការបើករដ្ឋសភានៅពេលល្ងាច ដែលត្រូវបានដឹកនាំដោយព្រះមហាក្សត្រ Maha Vajiralongkorn និងម្ចាស់ក្សត្រី Suthida។

ការសម្រេចតែងតាំងនេះ ត្រូវបានប្រកាសដោយមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ថា «យើងនឹងតែងតាំងលោក Wan Muhamad Noor Matha ជាប្រធានរដ្ឋសភាតំណាងរាស្រ្ត ដោយមានសមាជិកសភាមកពីគណបក្ស ឆ្ពោះទៅមុខ ជាអនុប្រធានទី១ និង សមាជិកសភាមកពីគណបក្សភឿថៃ ជាអនុប្រធានទី២»។
ក្រុមនយោបាយចម្រុះបានបង្កើត និងមានចូលរួមពី គណបក្ស ចលនាឆ្ពោះទៅមុខ និង គណបក្សភឿថៃ ដើម្បីបង្កើតសម្ព័ន្ធភាពជាមួយសម្ព័ន្ធមិត្តចំនួន ៥ផ្សេងទៀត បន្ទាប់ពីការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា នៅពេលដែលគណបក្សរបស់លោក Pita ដណ្តើមបានជ័យជម្នះដែលមិននឹកស្មានដល់ ជាមួយនឹងអាសនៈចំនួន១៥១ នៅក្នុងរដ្ឋសភា។

ពួកគេត្រូវរួមគ្នា ឲ្យមានអាសនៈចំនួន៣១២ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន ៥០០នាក់។ ប៉ុន្តែដើម្បីឲ្យលោក Pita ក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវការការអនុម័តលើសពីពាក់កណ្តាលនៃរដ្ឋសភា ដែលមានអាសនៈចំនួន ៧៥០ ឬយ៉ាងហោចណាស់ ៣៧៦សំឡេង នៅក្នុងសភាតំណាងតែម្នាក់ឯង ឬនៅក្នុងព្រឹទ្ធសភាផងដែរ។
យោងតាមលោក Pita កិច្ចព្រមព្រៀងស្តីពីការតែងតាំងត្រូវបានធ្វើឡើងដើម្បីសម្រេចបាននូវឯកភាពក្នុងចំណោមគណបក្សចម្រុះទាំង៨ ក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ដែលមានលោកជានាយករដ្ឋមន្ត្រី។

លោក Pita បានមានបញ្ជាក់ថា «គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្សភឿថៃបានព្រមព្រៀងរួមគ្នាគាំទ្រច្បាប់សំខាន់ៗ សម្រាប់ប្រជាជន ដែលរួមមាន៖ ការលើកលែងទោសចំពោះករណីនៃការបញ្ចេញមតិនយោបាយ ក៏ដូចជាការធ្វើវិសោធនកម្មច្បាប់ដែលពាក់ព័ន្ធនឹងកំណែទម្រង់យោធា»។
លោកបានបន្ថែមថា បេក្ខជនទាំង៣ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញរបៀបវារៈដែលនឹងនាំមកនូវតម្លាភាព ការត្រួតពិនិត្យ និងតុល្យភាព ហើយនិងមានប្រសិទ្ធភាពដល់ប្រព័ន្ធសភាថៃ នៅពេលដែលធានាបានថា វាជា «របស់ប្រជាជន»។

គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្សភឿថៃ ជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងរបស់ប្រធានរដ្ឋសភា គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការដើម្បីបង្កើតរដ្ឋាភិបាល ដើម្បីគ្រប់គ្រងប្រទេស ដើម្បីឆ្លើយតបទៅនឹងការឯកភាពរបស់ប្រជាជន។
ការតែងតាំងលោក Wan Muhamad Noor Matha សម្រាប់តំណែងប្រធានរដ្ឋសភាថ្មី ត្រូវបានផ្តួចផ្តើមឡើងដោយ អនុប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai ដែលជឿជាក់ថា អតីតយុទ្ធជននយោបាយរូបនេះ គឺជាជម្រើសដ៏សមស្រប ដែលអាចទទួលយកបានពីគ្រប់ភាគី។

លោក Phumtham បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំបានជម្រាបគាត់ថា ប្រសិនបើគាត់មិនអីទេចំពោះសំណើនេះ ខ្ញុំនឹងបន្តដំណើរការដើម្បីពិភាក្សាលើបញ្ហានេះ។ នេះ គឺជាកិច្ចព្រមព្រៀងគ្នាទៅវិញទៅមករបស់ភាគីទាំង២ ហើយខ្ញុំគិតថា វានឹងជាដំណោះស្រាយសម្រាប់យើងក្នុងការឈានទៅមុខទាំងអស់គ្នា។ អ្វីដែលសំខាន់ គឺមិនត្រឹមតែជ្រើសរើសប្រធានសភានោះទេ។ វាក៏សំខាន់ផងដែរក្នុងការរួមដៃគ្នា ដើម្បីធ្វើឲ្យរដ្ឋាភិបាលប្រជាធិបតេយ្យរីកចម្រើន និងបំពេញតាមការរំពឹងទុករបស់ប្រជាជន»។

បច្ចុប្បន្ន លោក Wan Muhamad Noor Matha បេក្ខភាពប្រធានរដ្ឋសភា វ័យ ៧៩ឆ្នាំរូបនេះ គឺជាអ្នកនយោបាយជើងចាស់មកពីខេត្តយ៉ាឡា ជាប់ព្រំដែនភាគខាងត្បូងប្រទេសថៃ និងជាមេដឹកនាំគណបក្ស Prachachat ដែលបានចូលរួមជាមួយក្រុមចម្រុះដឹកនាំដោយគណបក្សចលនាឆ្ពោះទៅមុខ នៅក្រោយការបោះឆ្នោតសកលកាលពីខែឧសភា កន្លងទៅ។
លោក Wan Muhamad Noor Matha ធ្លាប់ដឹកនាំក្រសួងជាច្រើននៅក្នុងរដ្ឋាភិបាលមុនៗ។ លោកក៏បានធ្វើជាប្រធានរដ្ឋសភាតំណាងរាស្រ្ត និង ជាប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៦ និងឆ្នាំ២០០០ផងដែរ។
គួររំលឹកថា តំណែងប្រធានសភា គឺជាចំណុចសំខាន់នៃការខ្វែងគំនិតគ្នារវាងគណបក្សចលនាឆ្ពោះទៅមុខ និង គណបក្សភឿថៃ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈដែលគណបក្សទាំង២ បានកំណត់ទិសដៅរបស់ពួកគេលើតំណែងកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិ៕

