សិល្បៈជាតិ៖ បន្ទាប់ពីហេតុការណ៍ភ្លៀងធ្លាក់លិចទីក្រុងយប់មិញនេះ ស្រាប់តែអ្នកលេងបណ្ដាញសង្គមទាំង Facebook និងជាពិសេស TikTok បាននាំគ្នាផ្អើលការចែករំលែកតៗគ្នាថា ការពិតដើមចមដែលធ្វើឱ្យភ្លៀងធ្លាក់មិនឈប់ហើយបណ្ដាលឱ្យលិចទីក្រុងយ៉ាងគំហុកនោះ គឺមកពីម្ចាស់បទ «ភ្លៀងអើយជួយខ្ញុំផង»។ តើលោកជាអ្នកណា?


បទ «ភ្លៀងអើយជួយខ្ញុំផង» ត្រូវបានគ្រប់គ្នាច្រៀងតាមថា «សូមបន់លោកតាឱ្យភ្លៀងធ្លាក់មក ភ្លៀងធ្លាក់លិចផ្ទះអូនជ្រក ហើយអូនមកនៅផ្ទះបង» ដែលមួយឃ្លាបានធ្វើឱ្យចម្រៀងមួយបទនេះកំពុងតែផ្ទុះគាំទ្រព្រាតពេញបណ្ដាញសង្គម។
ម្ចាស់បទនេះគឺជាអ្នកចម្រៀងមានឈ្មោះថា រ៉ន ថាឌីណាដា មានវ័យ ២៤ ឆ្នាំ លោកមានជំនាញនិពន្ធបទភ្លេង និងនិពន្ធទំនុកច្រៀង ដែលបទចម្រៀងរបស់លោកត្រូវបានបង្ហោះផ្សាយនៅលើបណ្ដាញសង្គមយូធូបជាមួយក្រុមចម្រៀង Neng Norng Music កាលពីថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២៣។
យ៉ាងណាមិញ គេនៅចាំបានថា លោក រ៉ន ថាឌីណាដា ធ្លាប់បានបង្ហាញមុខក្នុងវិស័យសិល្បៈចម្រៀងកាលពីអំឡុងឆ្នាំ ២០២១ ដែលនៅពេលនេះលោកល្បីបទចម្រៀងមួយបទដែលមានចំណងជើងថា «មេម៉ាយ Update Version » រហូតដល់អ្នកលេងបណ្ដាញសង្គម TikTok យកបទលោកទៅរាំតាមរហូតល្បីជា Viral តែម្ដង។ ដោយឡែកការបញ្ចេញបទចម្រៀងនេះ ក៏ដោយសារតែលោកមើលឃើញថា ទីផ្សារចម្រៀងនៅពេលនោះ ភាគច្រើនអ្នកចម្រៀងបានសម្រុកចេញបទដែលទាក់ទងនឹងប្រធានបទមេម៉ាយ ហើយលោកក៏មានបំណងចង់លើកតម្លៃស្ត្រីមេម៉ាយពីការរើសអើងផងដែរ។


សូមជម្រាបថា ក្រៅពីបទល្បីទាំងពីរខាងលើនេះហើយ លោក ថាឌីណាដា ក៏មានបទល្បីៗមួយចំនួនទៀតសម្រាប់កំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រដូចជាបទ «ខែភ្ជុំខែខូចចិត្ត» «ទិញឆ្កែញ៉ែម្ចាស់» និងបទ «ត្រូវប៉ាន់មេម៉ាយ» ជាដើម៕





