ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអាណោចអធ័ម ខណៈដែលជិះម៉ូតូចេញទៅរកទិញកាតទូរស័ព្ទ ស្រាប់តែគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរ៉េបើកបុកពីក្រោយម៉ូតូហុងដាឌ្រីម ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវ៥០ម៉ែត្រ ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ក្នុងករណីខាងលើមានឈ្មោះ ជូ សៀង ភេទប្រុស អាយុ៧៦ឆ្នាំ រស់ នៅផ្ទះលេខ២៩៦អុឺ១ហ្សិត ផ្លូវលេខ១២៨ ភូមិ៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានស្រុកកំណើតភូមិអូរកណ្តោលត្បូង ឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-8928 ជាមធ្យោបាយ ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះទើបមកកូនបាន២ថ្ងៃ ចូលរួមភ្ជាប់ពាក្យចៅ នៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ហើយមុនកើតហេតុជនរងគ្រោះជិះម៉ូតូចេញទៅរកទិញកាតទូរស័ព្ទ ក៏ជួបគ្រោះថ្នាក់ទៅវិញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្ត ម៉ាកហុីយ៉ាន់ដាយ ចំណុះ២,៥តោន របស់រោងចក្រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2325 ជារថយន្តដឹកកាតុងរោងចក្រ ហាវេស ផេរភើរ បើកពីកើតទៅលិចបុកពីក្រោយម៉ូតូ បណ្តាលឲ្យស្លាប់ជនរងគ្រោះ អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូ ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.