សិល្បៈ​អន្តរជាតិ​៖ ​តារា​សម្តែង​ស្រី​ល្បី​ឈ្មោះ​របស់​ប្រទេស​ជប៉ុន​គឺ​នាង​ Tominaga ​Sana ​ត្រូវ​បាន​មិត្ត​ប្រុស​ចាក់​សម្លាប់​នៅ​ក្នុង​កន្លែង​ចំណត​ឡាន​ បន្ទាប់​ពី​អ្នក​ទាំងពីរ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង​ ដែល​ពេល​នេះ​ឃាតករ​បាន​សារភាព​ហើយ​។ នេះ​បើ​តាម​សារព័ត៌មាន​ Teenee​ បាន​ចេញ​ផ្សាយ​ថ្ងៃនេះ​។

ថ្មីៗនេះ​សារព័ត៌មាន​ NHK​ របស់​ប្រទេស​ជប៉ុន​បាន​ផ្សាយ​មក​ថា​ តារា​សម្តែង​វ័យក្មេង​ល្បី​ឈ្មោះ​គឺ​នាង​ Tominaga​ Sana ​បាន​ទទួល​មរណភាព​យ៉ាង​អាណោចអាធ័ម​ក្នុងវ័យ​ ១៨​ ឆ្នាំ​ បន្ទាប់​ពី​នាង​ត្រូវ​មិត្តប្រុស​របស់​នាង​បាន​ចាក់​សម្លាប់​ជា​ច្រើន​កាំបិត​។ ម្តាយ​របស់​តារាស្រី​រូបនេះ​ ឃើញ​កូន​ស្រី​ដេកដួល​ក្នុង​ថ្លុកឈាម​ រួច​ក៏​ហៅ​រថយន្ត​សង្គ្រោះ​មក​ជួយ​នាង​ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ជីវិត​របស់​នាង​បាន​ផុតដង្ហើម​បាត់​ទៅ​ហើយ​។​

សារព័ត៌មាន ​NHK​ បាន​លម្អិត​ឱ្យ​ដឹង​ទៀត​ថា​ តារាស្រី​រូបនេះ​កំពុង​បន្ត​សិក្សា​នៅ​ទី​ក្រុង​ Yokohama​ ប្រទេស​ជប៉ុន​ ហើយ​នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ Haruki ​Ito​ មាន​វ័យ​ ២២​ ឆ្នាំ​ដែល​ជា​ឃាតក​ដែល​ចាក់​សម្លាប់​នាង​។

ប៉ូលីស​ក្នុង​តំបន់​បាន​និយាយ​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០២១​មក​ម៉្លេះ ​ពួក​គេ​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ចំនួន​ ៤​ ដង​ពី​តារា​ស្រី​ Tominaka ​Sana​ ដើម្បី​សុំ​ឱ្យ​ជួយ​នាង ​ដោយ​តារា​ស្រីរូបនេះ​បាន​និយាយ​ថា នាង​ត្រូវ​បាន​សង្សារ​របស់​នាង​ប្រើ​ហិង្សា​លើ​រាងកាយ​។ ចំណែក​អ្នក​ជិត​ខាង​របស់បុរសជាសង្សារក៏​បាន​បញ្ជាក់​ដែរ​ថា ពួកគេ​តែងតែ​ឮ​អ្នក​ទាំង​ពីរ​ឈ្លោះប្រកែក​គ្នា​ជា​ញឹក​ញាប់​ ហើយ​ក្នុង​នោះ​ក្មេង​ស្រី​ស្រែកខ្លាំង​ទាំង​ឈឺ​ចាប់​ ហើយ​សុំអង្វរ​រូប​គេ​ឱ្យ​លើក​លែង​ទោស​។

រហូត​ដល់​ថ្ងៃទី​ ២២ ​ខែ​មិថុនា​ ឆ្នាំ ​២០២៣​នេះ​ តារាស្រី​ Tominaga ​Sana​ បាន​ណាត់​ជួប​សង្សារ​របស់​នាង​ហើយ​នាង​សុំ​ចែកផ្លូវគ្នា​ឱ្យ​ដាច់ស្រេច​ ប៉ុន្តែ​ភាគី​ជា​សង្សារ​មិន​យល់​ព្រម​។ ឃាតកសារ​ភាព​ថា​ រូប​គេ​​បាន​លួច​កូន​សោ​ផ្ទះ​របស់ Sana ហើយព្យាយាមលួចចូលទៅក្នុងផ្ទះរបស់នាងគ្រប់ពេល។ នៅ​ពេល​ដែល​ជួប​នាង​កន្លែង​ចំណត​រថយន្ត ​បន្ទាប់​មក​រូបគេ​​បាន​ចាក់​សម្លាប់​នាង​ដោយ​កាំបិត​។​ បន្ទាប់​មក​រូបគេ​បាន​ប្រញាប់ប្រញាល់​រត់​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​បង្វែរ​ដាន​ ទៅ​ពេល​ដឹង​ថា​ ម្តាយ​របស់​ Sana​ បាន​ទូរស័ព្ទ​ទៅ​ប្ដឹង​ប៉ូលីស​។

សូម​ជម្រាប​ថា​ តារាស្រី ​Tominaka​ Sana​ គឺ​ជា​តារាស្រី​វ័យ​ក្មេង​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ប្រទេស​ជប៉ុន​ ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ A-Team​ ។ Tominaka​ Sana ​នាង​មាន​មិត្តរួមជំនាន់​ដែល​ជា​តារាវ័យ​ក្មេង​ល្បី​ដូច​គ្នា​ដូចជា​ Yoshioka ​Riho ​និង ​Asaka​ Kodai ​ហើយ​នាង​បាន​ផ្អាក​ពី​សិល្បៈ​មួយរយៈ​កាល​ពី​ឆ្នាំ ​២០១៩​ ដើម្បី​បន្ត​ការ​សិក្សា​បន្ថែម​៕​

Share.