ភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូឃ្លីក ជិះដោយបុរសជនជាតិហ្វីលីពីន បើកលឿនជ្រុលបុកជនរងគ្រោះកំពុងដើរឆ្លងផ្លូវ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អុឹម សុីណា ភេទប្រុស ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសធ្ងន់ធ្ងរ ។
ចំណែកភាគីខាងម៉ូតូ ម៉ាកឃ្លីក ពណ៌ក្រហម ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-0475 អ្នកបើកបរមានឈ្មោះ John Edmar Caraig Pablo ភេទប្រុស ជនជាតិ ហ្វីលីពីន អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅប្រទេសហ្វីលីពីន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្រគល់អោយទៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះដើរឆ្លងផ្លូវពីជើងទៅត្បូង ជិតផុតទៅហើយ ស្រាប់តែម៉ូតូឃ្លីកខាងលើជិះលឿនពីលិចទៅកើត ជ្រុលបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ចំណែកជនជាតិហ្វលីពីនរងរបួសស្រាល ។
ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជន ណាត្រា បឹងទំពន់ដឹកយកទៅ ចំណែកម៉ូតូនិងអ្នកបើកបរ ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើង ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

