កំពង់ស្ពឺ ៖ បុរសជនជាតិហ្វីលីពីនម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ ដោយសារគាំងបេះដូង បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងបន្ទប់រោងចក្រ យុីហោកាឡាខេម អុិនវេសមេន ខូអិលធីឌី ស្ថិតក្នុងភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនបរទេសដែលស្លាប់ដោយសារគាំងបេះដូងនេះមានឈ្មោះ CARLON ROBERT LALLEGO ភេទប្រុស អាយុ៤៤ឆ្នាំ កើតថ្ងៃទី 22 ខែកុម្ភៈឆ្នាំ1979 កាន់លិខិតឆ្លងដែនលេខ P.1797579B ផុតកំណត់ 29-May-2029 ទិដ្ឋាការលេខ EEx1900865632 ផុតកំណត់ 14-Aug-2023 មុខរបរជាប្រធានពុម្ព ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ មិនឃើញជនរងគ្រោះចេញមកក្រៅដូចរាល់ថ្ងៃ ឃើញដូច្នោះជំនួយការរបស់ជនរងគ្រោះក៏ផ្ញើរសារចូល តែគ្មានឆ្លើយតប រួចក៏ដើរទៅគោះទ្វារបន្ទប់ហៅ ក៏មិនសូរឆ្លើយ ទើបឆ្កឹះគន្លឹះទ្វារបន្ទប់ចូលមើល ប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ច គ្រូពេទ្យ ពិនិត្យកោសល្យវិច័យហើយ ស្លាប់ដោយសារគាំងបេះដូង រួចប្រគល់ឲ្យនាយកដ្ឋានបច្ចេកទេស វិទ្យសាស្ត្រ ចាត់ចែងតាមនីតិវិធី ៕

អត្ថបទតាតុងសែនជ័យ

Share.