តាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាមនាយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្ដេចបានទទួលអំណោយរូបថតមួយសន្លឹកពីកូនស្រីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃដែលនាងរៀបមង្គលការ។ រូបថតនោះ បានធ្វើឱ្យសម្ដេចមានការភ្ញាក់ផ្អើលជាពន់ពេក ដ្បិតជារូបដែលសម្ដេចមិនធ្លាប់បានឃើញពីមុនមក។

សម្ដេចបានសរសេរខ្លឹមសារក្នុងន័យថា«ព្រឹកមិញខ្ញុំបានទៅចូលរួមរៀបការកូនស្រី លោកជំទាវ រដ្ឋមន្ត្រី ភឿង សកុណា ដែលនៅទីនោះខ្ញុំបានទទួលរូបថតមួយសន្លឹកដែលខ្ញុំមិនដែលបានឃើញ។ រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថតថ្ងៃ២៤ឧសភា១៩៩៣ ពេលដែលខ្ញុំនិងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាមដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់»។

សម្ដេចបន្តថា«រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅថ្ងៃរៀបការរបស់នាង។ ខ្ញុំនិងភរិយាសូមអរគុណក្មួយស្រី ឆេង និព័ន្ធ និងស្វាមីដែលបានខិតខំចំណាយកម្លាំង និងថវិកាដេញថ្លៃទិញ យករូបថតដ៍កម្រនេះប្រគល់ឲ្យខ្ញុំ។ បើគិតពីឆ្នាំ១៩៩៣មកដល់ឆ្នាំ២០២៣មានរយៈពេល៣០ឆ្នាំគត់ដែលពេលនោះ ខ្ញុំ​មានអាយុ៤១ឆ្នាំឯភរិយាខ្ញំមានអាយុ៣៩ឆ្នាំ»។

តារយៈរូបថតមួយសន្លឹកទៀតភ្ជាប់នឹងរូបភាពសម្ដេចតេជោកាលពីវ័យ៤១ឆ្នាំនោះ លោកស្រី ឆេង និពន្ធ ទំនងជាបានសរសេរខ្លឹមសារខ្លីមួយលើខ្នងរូបរូបថតនោះតែម្ដង។ លោកស្រីបានសរសេរថា«ថ្ងៃទី ២៤ ឧសភា ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ យើងខ្ញុំទាំងពីរសូមបួងសួងទេវតាលើកលោក ប្រទានពរជូនលោកអ៊ំនូវជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៣នេះ ក៏ដូចជាបង ម៉ាណែត នាគ្រប់អាណត្តិ ជាម្លប់សម្រាប់ជាតិ។ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ និពន្ធ និងហ្លូវីយ៉ង់(ស្វាមី)។

សូមបញ្ជាក់ថាលោកស្រី ឆេង និពន្ធ ត្រូវជាចៅបង្កើត ឯកឧត្តមព្រឹទ្ធាចារ្យ ឆេង ផុន អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានដឹកនាំការបោះឆ្នោតរៀបចំដោយខ្មែរខ្លួនឯងជាលើកដំបូងកាលពីឆ្នាំ១៩៩៨។ លោកស្រី ភឿង សកុណា ត្រូវជាកូនប្រសាររបស់លោកតាព្រឹទ្ធចារ្យ៕

Share.