ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្នុងករណីលួចម៉ូតូ នាំទៅសាកសួរ កសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ បញ្ជូនខ្លួនទៅតុលាកាក្រុងភ្នំពេញ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ទី១ ឈ្មោះ ធឿន ថុន ហៅ ធន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ។ ទី២ ឈ្មោះ ប៊ន កែវមុន្នី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ។ ទី៣ ឈ្មោះ លីម ឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី៤ ឈ្មោះ សុង ធិ ហៅ ក្រហុប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល ។

ចំណែកជនរងគ្រោះឈ្មោះ ឆន រស្មី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ។  ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1W-4966 ។

ប្រភពបន្តទៀតថា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមជនសង្ស័យ នាំគ្នាទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូរបស់ជនរងគ្រោះ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បានសមនរេចហើយរត់គេចខ្លួន ហើយជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងផងដែរ លុះដល់ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូ ហុងដាវ៉េវ សង្ស័យឃាត់សាកសួរ ទើបសារភាព លួចម៉ូតូរបស់ជនរងគ្រោះ រកឃើញទាំងស្លាកលេខម៉ូតូរបស់ជនរងគ្រោះក្នុងកាបូបទៀត ឈានទៅដល់ស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបាន៣នាក់ជាបន្តបន្ទាប់ ដកហូតបានវត្ថុតាងមួយចំនួនទៀតផង ។

ជនសង្ស័យទាំង៤នាក់ ក្រោយចាប់ខ្លួនបាន នាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញខណ្ឌ រួចនៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បញ្ជូននាំខ្លួនទៅតុលាកាក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.