សិល្បៈ​ជាតិ​៖ មហាជន​ជា​ច្រើននាក់​បាន​ស្គាល់​មក​ហើយ​ពី​ឈ្មោះ​ «ចំប៉ី​ខ្មៅ​» ដែល​ជា​អ្នកលេង​បណ្ដាញ​សង្គម​ផង​ និង​ជា​អ្នកនិយម​ស្នេហា​វប្បធម៌​បុរាណ​ខ្មែរ​ផង​។ តើ​ឈ្មោះ​ «ចំប៉ី​ខ្មៅ​» នេះ​មក​ពី​ណា​ អ្នកណា​ជា​អ្នក​ដាក់​ឱ្យ​?​

សព្វថ្ងៃនេះ​ ចំប៉ី​ខ្មៅ​ នៅ​តែ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​ Tik​Tok​ និង​ Facebook ​ក្នុង​ការផ្សព្វផ្សាយ​ ក៏​ដូច​ជា​បក​ស្រាយ​ពី​ជ្រុង​នៃ​ចំណុច​ខ្លះ​ៗ​របស់​វប្បធម៌​បុរាណ​ខ្មែរ​ឱ្យ​សាធារណជន​បាន​ជ្រាប​។ ជា​ការ​ពិត​ណាស់​ ចំប៉ី​ខ្មៅ​ មាន​ឈ្មោះ​ពិត​ ហេង​ យិន​ បាន​បញ្ចប់​ការ​សិក្សា​លើ​ផ្នែក​និតិសាស្ត្រ​ ហើយ​ថ្មី​ៗ​នេះ​ ចំប៉ី​ខ្មៅ ​ក៏​បាន​រំលឹក​ដល់​គ្រូ​របាំបុរាណ​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​ឱ្យ​ខ្លួន​ និង​ធ្វើឱ្យ​មាន​អ្នក​ស្គាល់​ច្រើន​រហូត​ដល់​បច្ចុប្បន្ន​។​

ដូច​ពាក្យ​ចាស់​ពោល​ថា​ «​គ្រូ​មួយ​ថ្ងៃ​ គឺ​គ្រូ​មួយ​ជីវិត​ » ទើប​ ចំប៉ី​ខ្មៅ​ ចេញ​មក​រៀបរាប់​ជា​សារ​នៅលើ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នោះ​៖​ «ហង់​ ភូមិរ៉ា ​គាត់​ជា​អ្នក​ដាក់​ឈ្មោះ​ឱ្យ​ខ្ញុំ​ ចំប៉ី​ខ្មៅ​ ដាក់​ឈ្មោះ​ក្នុង​ថ្ងៃ​អាទិត្យ​ ពេលា​ម៉ោង​៩​ព្រឹក​ ពេល​ហាត់​ក្បាច់​យក្ស​ចប់​ នៅ​សមាគមន៍​សុវណ្ណ​ភូមិ​ សិស្ស​មិន​ដែល​ភ្លេច​គុណ​គ្រូ​ម្ដង​ណា​ទេ​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ សិស្ស​ជំនាន់​ទី​១​ ពេល​ហាត់​នៅ​ស៊ីសុវត្ថិ​»។

សូម​ជម្រាប​ថា​ លោក ​ហង់ ​ភូមិរ៉ា​ គឺ​ជា​សិល្បករ​ និង​ជា​សាស្ត្រាចារ្យ​របាំបុរាណ​ម្នាក់​ដែល​មាន​ច្ឆន្ទៈ​បណ្ដុះបណ្ដាល​ទំពាំង​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ពី​ របាំបុរាណ ​របាំប្រពៃណី​ ល្ខោនខោល​ ដែល​ពួកគេ​ទាំងអស់​នឹង​មាន​ឱកាស​ក្លាយ​ជា​សិល្បករ​មហាជន​បន្ទាប់​ពី​បញ្ចប់ការ​សិក្សា​ជាមួយ​លោក​។ លោក​បាន​បង្កើត​ «​ក្រុម​សិល្បៈ​យុវជន​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​​» តាំង​ពី​ជំនាន់​ដំបូង​ ដោយ​បង្ហាត់​សិស្ស​មិន​គិត​ថ្លៃ​សិក្សា​ រហូត​ឈាន​ដល់​ប្ដូរឈ្មោះជា​ក្រុម​សិល្បៈ​យុវជន​ល្ខោន​ខោល​ និង​របាំបុរាណ​ជំនាន់​ថ្មី​ ដែល​បង្ហាត់​នៅ​ក្នុង​ទីតាំង​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​រាជធានីភ្នំពេញ​៕​

Share.