យោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិសម្រាប់ការទស្សន៍ទាយបរិស្ថាន របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ថ្ងៃទី០៣ ខែកក្កដា គឺជាថ្ងៃក្តៅបំផុតមិនធ្លាប់មានដែលបានកត់ត្រានៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣។

បើតាមទិន្នន័យផ្ដល់ដោយមជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុសីតុណ្ហភាពសកលជាមធ្យមបានឡើងដល់ ១៧,០១អង្សាសេ ដែលលើសពីកំណត់ត្រាខែសីហា ឆ្នាំ២០១៦ ដែលមានសីតុណ្ហភាព ១៦,៩២អង្សាសេ ខណៈដែលរលកកម្ដៅកំពុងកើនឡើងជុំវិញពិភពលោក។

តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកបានទទួលរងនូវកម្ដៅដ៏ក្ដៅ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រីឯនៅ​ប្រទេស​ចិន រលក​កម្ដៅដ៏ក្ដៅ នៅតែ​​​បាន​បន្តវាយប្រហារតំបន់មួយចំនួន ​មាន​សីតុណ្ហភាព​លើស​ពី ៣៥អង្សារសេ។ ដោយឡែក ប្រទេសអាហ្រ្វិកខាងជើង បានជួបប្រទះនឹងសីតុណ្ហភាពជិត ៥០អង្សាសេឯណោះ។

សូម្បីតែនៅតំបន់អង់តាក់ទិក ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងរដូវរងា ក៏កំពុងប្រឈមនឹងពីសីតុណ្ហភាពខ្ពស់មិនធម្មតាផងដែរ។ ខណៈ លោកVernadsky អ្នកស្រាវជ្រាវរបស់ប្រទេសអ៊ុយក្រែននៅកោះអាហ្សង់ទីន ថ្មីៗនេះបានបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់ នៅខែកក្កដា ជាមួយនឹងសីតុណ្ហភាព ៨.៧អង្សាសេ។

អ្នកវិទ្យាសាស្ត្រអាកាសធាតុ លោកស្រី Friederike Otto នៃវិទ្យាស្ថាន Grantham សម្រាប់ការប្រែប្រួលអាកាសធាតុ និងបរិស្ថាននៅមហាវិទ្យាល័យ Imperial College London បាននិយាយថា «នេះមិនមែនជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលយើងគួរតែអបអរទេ។ វាជាការប្រហារជីវិតសម្រាប់មនុស្ស និងប្រព័ន្ធអេកូឡូស៊ី»។

យ៉ាងណាម៉ិញ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងបាតុភូត El Nino គឺជាមូលដ្ឋានចម្បងធ្វើឲ្យសីតុណ្ហភាពកើនឡើង៕

ប្រភព៖ CNA

Share.