នៅក្នុងយុគសម័យមួយដែលយើងទាំងអស់គ្នា ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ វាអាចពិបាកភ្ជាប់ទំនាក់ទំនង ប្រសិនបើពិភពលោកគ្មាន Facebook។ ប៉ុន្តែ​មាន​ប្រទេស​មួយ​ចំនួន​ ​មិន​អាច​ចូល​ប្រើ​បណ្ដាញសង្គមនេះបាន​ទាល់​តែ​សោះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ Makeuseof ។

ប្រជាជនរស់នៅក្នុងរដ្ឋទាំងនេះមិនអាចប្រើប្រាស់ Facebook បានទេ ដោយសារតែការរឹតបន្តឹងរបស់រដ្ឋាភិបាលនៃប្រទេសរបស់ខ្លួន។

ត្រយងនឹង​បង្ហាញ​ប្រទេស​ចំនួន​បី ​ដែល​ហាម​ប្រជាជនប្រើ Facebook ហើយ​យើង​នឹង​ពន្យល់​ពី​មូលហេតុ​ដែល​នៅ​ពី​ក្រោយ​ការ​ហាម​ប្រាមនោះ។

១. ប្រទេសចិន

ប្រទេស​ចិន​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​នៃ​ការ​ចាប់​ពិរុទ្ធ និង​បទប្បញ្ញត្តិ​អ៉ីនធឺណិត​ដ៏​តឹងរ៉ឹង។ វាមិនមែនជារឿងចម្លែកទេដែលថា ពួកគេក៏មានការដាក់កម្រិតលើ Facebook ផងដែរ។

យោងតាមរបាយការណ៍នៅលើ Web2Asia ប្រទេសចិនបានបិទ Facebook នៅទូទាំងដីគោក បន្ទាប់ពីមានកុបកម្មក្នុងឆ្នាំ២០០៩ ដែលបានកើតឡើងនៅទីក្រុង Urumqi តំបន់ស៊ីនជាំង។ ជាក់ស្តែង សកម្មជនឯករាជ្យ Xinjiang មួយចំនួនបានប្រើប្រាស់ Facebook ជាផ្នែកនៃបណ្តាញទំនាក់ទំនងរបស់ពួកគេ។ក្រុមហ៊ុន​បាន​អះអាង​ថា សកម្មជន​កំពុង​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​លើ​វេទិកា​សង្គម។

ទាក់ទិននឹងបញ្ហានេះ Facebook បានព្យាយាមត្រលប់ទៅប្រទេសចិនវិញ ប៉ុន្តែប្រទេសចិន បានបង្កើតបណ្ដាញសង្គមក្នុងស្រុកជាច្រើនជម្រើសដើម្បីជំនួសហ្វេសប៊ុក ដូចជា៖ Weibo, WeChat និង Renren ជាដើម។ បច្ចុប្បន្នទីក្រុងពាណិជ្ជកម្មសេរីរបស់ប្រទេសចិន មួយចំនួនដូចជា៖ ទីក្រុងហុងកុង និង ម៉ាកាវ អាចប្រើប្រាស់បណ្ដាញសង្គម Facebook បានដោយពួកគេប្រើប្រាស់ VPN។

២. អ៉ីរ៉ង់

ការដាក់កំហិតលើ Facebook នៅក្នុងប្រទេសអ៉ីរ៉ង់ គឺជារឿងគួរឲ្យហួសចិត្ត ដោយសារតែ មេដឹកនាំនយោបាយមួយចំនួនរបស់ខ្លួនប្រើប្រាស់បណ្ដាញសង្គមដោយមិនគិតពីភាពចលាចលផ្នែកនយោបាយទាក់ទងនឹងបញ្ហាព្រំដែន។

CNN បានរាយការណ៍ថា រដ្ឋាភិបាលអ៉ីរ៉ង់បានហាមឃាត់ការប្រើប្រាស់ Facebook នៅពេលដែលសកម្មជនប្រើប្រាស់វា ដើម្បីប្រមូលផ្តុំការគាំទ្រសម្រាប់គណបក្សប្រឆាំងក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៩។

ការដាក់កំហិតដំបូងមានរយៈពេល២-៣ម៉ោង ប៉ុន្តែអ៉ីរ៉ង់បានដាក់មិនឲ្យប្រើប្រាស់វិញបាន ដោយមិនមានការពន្យល់តាំងពីពេលនោះមក។

៣. ប្រទេសកូរ៉េខាងជើង

កូរ៉េ​ខាងជើង​ ជា​ប្រទេស​សម្ងាត់​បំផុត​មួយ​ក្នុង​ពិភពលោក ហើយក៏ជាប្រទេសដែលបានបិទបណ្ដាញសង្គមយូរជាងគេបំផុត ដោយសារ​តែមានការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹងលើ​សិទ្ធិសេរីភាពពេញលេញក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញ និង​ទំនាក់ទំនង។

ក្នុងឆ្នាំ២០១៦ កាសែត The Guardian បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានប្រកាសជាផ្លូវការនូវការរឹតបន្តឹងលើបណ្ដាញសង្គម Facebook ក៏ដូចជានៅលើ Twitter និង YouTube។ មិនតែប៉ុណ្ណោះកូរ៉េខាងជើង ជាប្រទេសដែលរឹតត្បិតលើចុចទស្សនាកម្មវិធីបរទេសមួយចំនួនផងដែរ។

សូមជម្រាបថា បច្ចុប្បន្នមានអ្នកប្រើប្រាស់ហ្វេសប៊ុក ប្រមាណជា ២.៩៨ពាន់លាននាក់ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ដែលធ្វើឲ្យវាក្លាយជាកម្មវិធីធំបំផុតនៅលើពិភពលោក។ មិនតែប៉ុណ្ណោះបណ្ដាប្រទេសមួយចំនួនផ្សេងទៀតក៏បានហាមឃាត់មិនឲ្យប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផងដែរ៕

ប្រភព៖ Makeuseof

Share.