បាត់ដំបង÷ ឆ្លងភ្លើងឆេះអេស្កាមួយគ្រឿងយ៉ាងសន្ធោសន្ធៅក្រោយពេលបុកគ្រឹះផ្ទះគម្រោងដីឡូតិ៍ក្នុងស្រុកសង្កែនៅវេលាម៉ោងជិត១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុចដីឡូត៍ឯកជនមួយកន្លែងឋិតក្នុងក្រុមទី១៧  ភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

នគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា គ្រឿងចក្រប្រភេទអេស្កាបុកគ្រឹះដែលបានឆេះនេះបានដំណើរបុកគ្រឹះផ្ទះតាំងពីព្រឹក លុះជិតថ្ងៃត្រង់អ្នកបើកបរបញ្ជាបានឈប់សម្រាកដើម្បីហូបបាយ បានបន្តិចស្រាប់តែផ្ទុះកក្រើកបែកផ្កាភ្លើងឡើងចេញចំណុចម៉ាស៊ីន និងបានឆាបឆេះរាលដាលដល់កន្លែងអ្នកបើកយ៉ាងលឿនសន្ធោសន្ធៅតែម្តង។

ភ្លាមៗរថយន្តបង្ការពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍ជួយពន្លត់គ្រប់គ្រងស្ថានការបានប្រសើរឡើងវិញ បើទោះបីជាបែបនេះគ្រឿងចក្រខាងលើបានរងការប៉ះពាល់ឆេះអស់ប្រមាណជា៧០%ទៅហើយ៕

អត្ថបទ៖ដំបងក្រញូង

Share.