សិល្បៈជាតិ៖ តារាចម្រៀងនិមិត្តរូបនៃការរត់ប្រណាំងដើម្បីមនុស្សធម៌ គឺលោក អ៊ួន បឋម ហៅ សាយ បានប្រកាសពីការបញ្ចេញបទចម្រៀងជា Full MV គឺបទ «ខ្មែរ ជួយ ខ្មែរ» នៅថ្ងៃទី ៧ កកដ្កា នេះ វេលាម៉ោង ៧យប់ ដែលចំថ្ងៃអបអរខួបនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកលើកទី ១៥ ។

ក្នុងការផលិតបទចម្រៀងមួយនេះ លោក សាយ បានលើកឡើងថា ១៣ ឆ្នាំមុន លោកនិងក្រុមការងារបានចាប់ផ្តើមធ្វើបទចម្រៀងនេះឡើងមក ដោយសង្ឃឹមថា នឹងអាចមានឱកាសយកបទចម្រៀងមួយនេះមកធ្វើជា Music Video នៅថ្ងៃណាមួយ។ លោកថា អ្វីៗទាំងអស់ គឺកើតចេញពីការស្រលាញ់ និងការតាំងចិត្ត រហូតយើងទទួលសមិទ្ធផលថ្ងៃនេះ នោះគឺការផលិត MV បទ «ខ្មែរ ជួយ ខ្មែរ»។ លោកថាទៀត ៖ «យើងជាកូនខ្មែរត្រូវការពារ អ្វីដែលសម្បត្តិជាតិយើង…»។
ក្រៅពីការបញ្ចេញបទចម្រៀងថ្មីខាងលើនេះ លោក សាយ ក៏បានរៀបចំកម្មវិធីរត់ PREAH VIHEAR TEMPLE RUN ដើម្បីជាសក្ខីភាពប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភណ្ឌពិភពលោកខួបលើកទី១៥ ផងដែរ។ កម្មវិធីនេះគឺជាព្រឹត្តិការណ៍ រត់៧គីឡូម៉ែត្រ និងការប្រគំតន្ត្រី ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាឯបរិវេណប្រាសាទព្រះវិហារ ជាមួយនឹង ២ វិញ្ញាសារចូលរួម “រត់៧គ.ម.” និង ”ដើរ៧០០ម៉ែត្រ”។

គួររំលឹកដែរថា ប្រាសាទព្រះវិហារ បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃ៧កក្កដា ឆ្នាំ២០១១ ហើយប្រទេសកម្ពុជាបានទទួលជោគជ័យរឿងក្តីប្រាសាទព្រះវិហារលើប្រទេសថៃ ពីថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២ រហូតដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣នេះ គឺមានរយៈពេល៦១ឆ្នាំហើយ ដែលវាគឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ចំណាស់របស់ខ្មែរយើងផងដែរ។
សូមជម្រាបថា ក្រៅពីកម្មវិធីរត់ប្រណាំងហើយនោះ លោក សាយ ក៏បានចូលរួមផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍ក្នុងការទាក់ទាញមកកម្សាន្តសប្បាយនៅតំបន់ប្រាសាទព្រះវិហារ ដោយលោកក៏មានការរៀបចំការប្រគំតន្ត្រីដែលមានតារាចម្រៀងល្បីៗចូលរួមដូចជា លោក KAI និងលោក ភី សេន ជាដើម៕





