
លោក អ៊ុយ រិទ្ធី ម្ចាស់សំឡេង Troll វីដេអូឆាវៗ នៃរឿងនគរទាំង៣ ឬសាមកុក បានទទួលការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលជួបនៅគេហដ្ឋានសម្ដេច ដូចដែលសម្ដេចបានទទួលជួបបណ្ដាអតីតអ្នកនយោបាយប្រឆាំង និងសង្គមស៊ីវិល ក៏ដូចជាបុគ្គលល្បីៗមួយចំនួន។
តាមរយៈរូបភាពបង្ហោះចែកចាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ មហាជននិយមទស្សនាកំសាន្តវីដេអូខ្លីៗនៃឈុតឆាករឿងសាមកុក ក៏មានឱកាសបានស្គាល់មុខលោក អ៊ុយ រិទ្ធី ដែរ។ ក្នុងរូបភាពនោះ លោក អ៊ុយ រិទ្ធី មានទាំងអង្គុយឱបដៃសន្ទនាជាមួយសម្ដេច និងលើកដៃសំពះសម្ដេចតេជោ។

ជាការកត់សម្គាល់ ទន្ទឹមនឹងជួបសម្ដេចតេជោនៅគេហដ្ឋាននោះដែរ លោក អ៊ុយ រិទ្ធី ក៏ត្រូវបានសម្ដេចតេជោចេញអនុក្រឹត្យ តែងតាំងជាសាជិកក្រុមលេខារបស់សម្ដេច មានឋានៈស្មើប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យដែលសម្ដេច បានចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថានៅប៉ុន្មានថ្ងៃមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លោក អ៊ុយ រិទ្ធី ម្ចាស់សំឡេង Troll ឆាវៗ បានបញ្ចូលសំឡេងដោយប្រើរូភាពក្នុងឈុតឆាករឿងសាមកុក ក្នុងន័យដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ការងាកមកបញ្ចូលសាច់រឿងខុសពីទម្លាប់ចាស់របស់លោក អ៊ុយ រិទ្ធី ទទួលបានគាំទ្រ និងកោតសរសើរពីសំណាក់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោក៏ចាក់វីដេអូនោះឱ្យកម្មករ កម្មការិនីស្ដាប់ក្នុងពិធីសំណេះសំណាលផងដែរ។ បែបនេះក្ដី ក៏មានការរិះគន់លោកផងដែរ៕

