ប្រធានរដ្ឋសភាថៃ លោក Wan Muhamad Noor Matha បាននិយាយនាថ្ងៃពុធ សប្ដាហ៍នេះថា សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នាថ្ងៃ ពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣។
ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Wan Noor ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានរដ្ឋសភាថ្មី ដែលជាតួនាទីមួយ ដែលគាត់អាចអំពាវនាវឲ្យមានការអង្គុយតុរួមគ្នានៃសភាទ្វេភាគីរបស់ប្រទេស ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។

គណបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោត និង បក្សប្រជានិយម ភឿថៃ បានទម្លាក់គូប្រជែងគឺ គណបក្ស អភិរក្សនិយម នៅក្នុងការបោះឆ្នោត កាលពីខែឧសភា ដោយបក្សចលនាឆ្ពោះទៅមុខ ទទួលបានសំឡេងឆ្នោត ១៥១អាសនៈ ខណៈបក្សភឿថៃ ទទួលបាន ១៤១អាសនៈនៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០រូបរៀងគ្នា។


គណបក្សចលនាឆ្ពោះទៅមុខ និង គណបក្សភឿថៃ បានរួមគ្នាបង្កើតជាក្រុមចម្រុះ ជាមួយគណបក្សចំនួន៦ផ្សេងទៀត គេរំពឹងថា នឹងស្នើឲ្យមេដឹកនាំបក្សចលនាឆ្ពោះទៅមុខគឺ លោក Pita Limjaroenrat ដែលធ្លាប់បានសិក្សានៅសហរដ្ឋអាមេរិក ជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ ដើម្បីជំនួសតំណែងនាយករដ្ឋមន្រ្តីផុតអាណត្តិ លោក Prayut Chan-o-cha ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយមានអាសនៈរួមបញ្ជូលគ្នាសរុបត្រឹម ៣១២អាសនៈ ក្រុមចម្រុះរបស់បក្ស ចលនាឆ្ពោះទៅមុខ គឺមានសំឡេងមិនទាន់គ្រប់ ៣៧៦អាសនៈ ដែល Pita ត្រូវការចាំបាច់ ដើម្បីអាចជាប់ជានាយករដ្ឋមន្រ្តីនៅឡើយទេ។
គួររំលឹកថា ការជ្រើសរើសនាយករដ្ឋមន្រ្តីរបស់ប្រទេសថៃ នឹងប្រព្រឹត្តទៅដោយការបោះឆ្នោតរួមគ្នាពីសមាជិករដ្ឋសភាទាំង ៥០០រូប ខណៈសមាជិកព្រឹទ្ធសភា ២៥០រូប បានតែងតាំងដោយអតីតរដ្ឋាភិបាលយោធាថៃ គណបក្សអភិរក្សនិយម របស់លោក ប្រាយុទ្ធ៕

