
រដ្ឋបាលសាលារាជធានីភ្នំពេញ បានកោះប្រជុំជាមួយរដ្ឋបាលខណ្ឌចំណុះទាំង១៤ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពង្រឹងការងារសំខាន់ៗចំនួន៣ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសំណង់ និងបញ្ជៀសការជន់លិចលំនៅឋានប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឃ្លាំង ហួត បានឱ្យដឹងថាកិច្ចប្រជុំនេះមានការចូលរួមពីអភិបាល អភិបាលរងខណ្ឌទាំង១៤ ទីចាត់ការរៀបចំក្រុង ទីចាត់ការច្បាប់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និងភូមិបាលខណ្ឌទាំង១៤។ មានអភិបាល និងអភិបាលរងខណ្ឌមួយចំនួនបានឡើងបញ្ចេញយោបល់ក្នុងកិច្ចប្រជុំនោះដែរ។



បើតាមលោក ឃ្លាំង ហួត របៀបរបបធ្វេីការងារថ្នាក់ខណ្ឌក្នុងការគ្រប់គ្រងសំណង់ ត្រូវប្រេីប្រាស់មន្ត្រីជំនាញពីការិយាល័យភូមិបាលខណ្ឌ។ លោកបន្ថែមថាកិច្ចប្រជុំបានឯកភាពគ្នាពង្រឹងគុណភាពសំណង់ទូទាំងរាជធានី ដោយមិនអនុញ្ញាតឱ្យមានការសាងសង់គ្មានច្បាប់ មុនច្បាប់ ឬសាងសង់សំណង់គ្មានគុណភាពដែលនាំឱ្យលំបាកដល់ប្រជាពលរដ្ឋនាថ្ងៃអនាគត។
លោក ឃ្លាំង ហួត បន្ថែមថាមន្ត្រីជំនាញគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ទៅលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងបុរី ត្រូវអនុវត្តតាមប្លង់មេរបស់សង្កាត់ ខណ្ឌ និងរាជធានីភ្នំពេញ ត្រូវរៀបចំប្រព័ន្ធលូរំដោះទឹក អាងប្រព្រឹត្តិកម្មទឹកកខ្វក់ តាមស្តង់ដារលក្ខណៈបច្ចេកទេសបានកំណត់ ជៀសវាងការស្ទះលិចលំនៅដ្ឋាន ដែលបង្កការរំខាន និងផលលំបាកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះ បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរាជធានីភ្នំពេញរងការជន់លិចជាច្រើនកន្លែង ទាំងតាមដងផ្លូវ និងលំនៅឋានប្រជាពលរដ្ឋ ព្រោះតែមេឃធ្លាក់ភ្លៀងកម្រិត១៥៣មីលីម៉ែត្រកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មិនធ្លាប់កើតមាននារយៈពេល៣ឆ្នាំចុងក្រោយ។
បញ្ហានេះបានចោទឡើងជាថ្មីទៀត នៅពេលពលរដ្ឋនឹកឃើញដល់អភិបាលរាជធានីភ្នំពេញប៉ុន្មានជំនាន់ចុងក្រោយដែលចេះតែអះអាងថាភ្នំពេញនឹងលែងជន់លិច។ តាមការសង្កេតជាទូទៅ ថ្វីដ្បិតកម្រិតទឹកភ្លៀងខ្លាំងបានធ្វើឱ្យទឹកជន់លិចក៏ពិតមែន ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ទឹកក៏ស្រកអស់ដែរ។ ពលរដ្ឋនៅតែរិះគន់បញ្ហានេះ ដ្បិតមុនទឹកស្រកពួកគាត់ខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនបាត់ទៅហើយ៕

