គ្រួសាររបស់នារីរងគ្រោះក្នុងឧបទ្ទវហេតុ ជណ្ដើរយន្ដគៀបដាច់ជើងម្ខាង នៅអាកាសយានដ្ឋានដនមឿង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នឹងឲ្យមេធាវីរបស់ពួកគេដាក់ពាក្យបណ្តឹងទៅកាន់តម្រួតប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃ ព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣។

ជនរងគ្រោះអាយុ ៥៧ឆ្នាំ ដែលជាអ្នកដំណើរឆ្លងកាត់ចូលប្រទេសថៃ ត្រូវបានផ្សព្វផ្សាយជាសាធារណៈថា បានធ្លាក់ចូលក្នុងផ្លូវដើរជណ្ដើរយន្ដ ខណៈដែលនាងឆ្ពោះទៅច្រកទ្វារ (Gate) សម្រាប់ជើងហោះហើរទៅខេត្ត Nakhon Si Thammarat ។

អាជ្ញាធរជឿថា កម្លាំងនៃការធ្លាក់នេះ បានផ្តាច់គម្របសុវត្ថិភាពសម្រាប់ផ្លូវដើរ ដែលជាលទ្ធផល ជើងរបស់ស្ត្រីរូបនោះត្រូវបានគៀបជាប់នៅក្នុងជណ្ដើរយន្តផ្នែកខាងក្នុងនៃផ្លូវដើរ។

កូនប្រុស​របស់​ជនរងគ្រោះ​ឈ្មោះ Krit Kittirattana សរសេរ​នៅលើ​បណ្ដាញសង្គមហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​អង្គារ​ថា ស្ថានភាព​ម្តាយ​របស់ខ្លួនគឺមាន​ស្ថិរភាពធម្មតា​ ហើយម្ដាយរបស់ខ្លួន ​ត្រូវ​បាន​គេ​ព្យាបាល​នៅ​មន្ទីរពេទ្យក្នុងបន្ទប់ ICU តាំង​ពី​មាន​គ្រោះ​ថ្នាក់​មកម្ល៉េស។

លោក Krit បានឲ្យដឹងទៀតថា ម្ដាយគាត់ចាប់ផ្ដើមមានអារម្មណ៍ល្អ និងអនុញ្ញាតឲ្យគេចូលមកសួរសុខទុក្ខហើយ ប៉ុន្តែជួនកាលគាត់នៅតែងើបកណ្ដាលយប់ ដោយភាពភ័យខ្លាចដដែល។

ទាក់ទិននឹងបញ្ហានេះ ស្ត្រីរងគ្រោះកំពុងទទួលការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងមន្ទីរពេទ្យអន្តរជាតិ Bumrungrad។ លោក Krit បន្ថែម​ថា គ្រួសារ​បាន​ស្វែងរក​យុទ្ធសាស្រ្ត​ពី​គ្រូពេទ្យ​ចិត្តសាស្ត្ រ​ដើម្បី​ព្យាបាលម្ដាយរបស់ខ្លួន។

លោក Krit បានសរសេរថា «យើងកំពុងព្យាយាមជួយឲ្យម្ដាយខ្លួន ស្រឡាញ់ខ្លួនឯងឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យគាត់មានអារម្មណ៍ថា គាត់បាត់បង់តម្លៃខ្លួនឯង ហើយពន្យលឲ្យគាត់បើកចិត្តអាចរស់ឡើងវិញបានធម្មតាដូចកាលពីមុន»។

លោក​ក៏​បាន​បញ្ជាក់​ថា ក្រុមគ្រួសារ​បាន​ឲ្យ​មេធាវី​របស់​ពួកគេ​ ដាក់​ពាក្យ​បណ្តឹង​ទៅ​តម្រួតជុំវិញ​គ្រោះថ្នាក់​នេះហើយ រួមទាំងទាក់ទង​មន្ត្រី​ស៊ើបអង្កេត​ដើម្បី​ឲ្យ​ពួកគេ​សាកសួរ​ម្តាយ​គាត់​ដោយ​ផ្ទាល់តែម្ដង។

កាលពីថ្ងៃទី២ ខែកក្កដា លោក Krit បានសរសេរនៅលើហ្វេសប៊ុក ថា ក្រុមគ្រួសារចង់ដឹងថា តើមានសាក្សីនៅកន្លែងកើតហេតុណាម្នាក់ អាចផ្តល់ព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនេះនៅក្នុងតុលាការដែរឬទេ។

ទាក់ទិននឹងបញ្ហានេះ ស្នងការតម្រួតនៅអាកាសយានដ្ឋាន ដនមឿន លោក Adirek Tongkeamkeaw បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសកំពុងពិនិត្យមើលវីដេអូកាមេរ៉ាសុវត្ថិភាព CCTV នៅអាកាសយានដ្ឋាន ហើយក៏កំពុងត្រួតពិនិត្យផ្លូវដើរផ្សេងៗទៀត នៅក្នុងបរិវេណនោះផងដែរ ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរក្រោយៗ៕

ប្រភព៖ Bangkok Post

Share.