សិល្បៈ​ជាតិ​៖ ​ថ្មី​ៗ​នេះ​ ស៊ីណូរ៉ា​ រ័ត្ន​ ដែល​ជា​ម្ចាស់​បទ​ «​60​M​» ប្រាប់​ទៅ​អ្នក​គាំទ្រ​ថា​ លោក​ទទួល​ស្គាល់​បទ​នេះ​ពិត​ជា​បទ​ពិបាក​ច្រៀង​ និង​ពិបាក​យល់​អត្ថន័យ​បំផុត​ ព្រោះ​មាន​បង្កប់​សាច់​រឿង​ពិត​មួយ​ចំនួន​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់​។​

ពិត​មែន​ហើយ​ បទ​ចម្រៀង​ «​60​M​» របស់​លោក​ ស៊ីណូរ៉ា​ រ័ត្ន​ ដែល​បាន​បង្ហោះ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​កន្លង​មក​នេះ​ ត្រូវ​បាន​មហាជន​មួយ​ចំនួន​លាន់​មាត់​ថា​ ពិបាក​យល់​អត្ថន័យ​ និង​មាន​កន្លែង​ខ្លះ​ទៀត​ រក​ឃ្លា​ជួន​ឱ្យ​ប្រទាក់​ក្រឡា​មិន​ត្រូវ ​ដោយ​ការ​ច្រៀង​រៀប​រាប់​អត្ថន័យ​ចំ​ៗ​ពេក​ ។ យ៉ាង​ណា​មិញ​ បទ​នេះ​ក៏​មាន​ការ​ពេញ​និយម​ស្ដាប់​ពី​មជ្ឈដ្ឋាន​មហាជន​មួយ​ចំនួន​ធំ​ដែរ​ ដោយ​ពួក​គេ​និយាយ​ថា​ ទាំង​សាច់​ភ្លេង​ និង​ការ​ច្រៀង​របស់​លោក​មាន​ភាព​ទាក់ទាញ​ពីរោះ​ទាក់​ចិត្ត​។ ក្នុង​នោះ​ មាន​យុវវ័យ​មាន​ចំនួន​បាន​លើក​បទ​នេះ​មក​ច្រៀង​ Cover​ ល្បី​ពេញ​ TikTok ​តែ​ម្ដង​។

ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ លោក​ ស៊ីណូរ៉ា​ រ័ត្ន​ លើក​ឡើង​ថា​ បទ​ «​60M​» ជា​បទ​ពិបាក​ច្រៀង​បំផុត​ បើ​ទោះបី​ជា​អ្នក​ស្ដាប់​លឺ​ការ​ច្រៀង​របស់​លោក​មាន​លក្ខណៈ​រលូន​។ លោក​ថា​ បទ​នេះ​ត្រូវ​ប្រើ​តិកនិក​ច្រៀង​ឡើង​ចុះ​ៗ​ មាន​ភាព​សាំញ៉ាំ​ច្រើន​។ លោក​បន្ត​ថា​ អត្ថន័យ​របស់​បទ​ចម្រៀង​គឺ​ត្រូវ​បាន​សរសេរ​ពី​សាច់​រឿង​ពិត​របស់​លោក​ និង​មាន​លាយ​ការ​ច្នៃប្រឌិត​ខ្លះ​ បើ​ទោះ​បី​ជា​ពិបាក​យល់​អត្ថន័យ​បន្តិច​មែន​ ប៉ុន្តែ​បើ​អ្នក​ស្ដាប់​ជា​មនុស្ស​ស្ថិត​ក្នុង​ចង្កោម​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ ប្រហែល​ជា​យល់​អត្ថន័យ​បទ​បាន​លឿន​រហ័ស​។

សូម​ជម្រាប​ដែរ​ថា​ លោក​ ស៊ីណូរ៉ា ​រ័ត្ន ​បាន​ព្រលយ​បទ​ចម្រៀង​ថ្មីៗ​ចំនួន​ ៤ ​បទ​ក្នុង​ឆ្នាំ​ ២០២៣​នេះ​ ដែល​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម​ BLOOM ​មាន​ទាំង​ ៥​បទ​ទាំង​បទ​ «​My ​Boyfriend​ Is​ a​ B*tch​» ចេញ​កាល​ពី​ ២​ឆ្នាំ​មុន​។ ដោយ​ឡែក​ ស៊ីណូរ៉ា ​រ័ត្ន​ ក៏​បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​ជាមួយ​ដៃ​គូ គឺ​តារា​ចម្រៀង​ នីគី​ នីគី​ និង​ចេននី​ គឺ​បទ​ «​One​ Night​» ជា​បទ​កំពុង​ពេញ​និយម​ខ្លាំង​នា​ពេល​នេះ​៕​

Share.