ការបើកដំណើរការ App កម្មវិធីថ្មី របស់ក្រុមហ៊ុន Meta ដែលមានឈ្មោះថា Threads គឺច្បាស់ណាស់ថា ជាការវាយប្រហារលើកដំបូងនៅលើសេវាកម្មបច្ចេកវិទ្យាមួយ ខណៈម្ចាស់ក្រុមហ៊ុនទាំង២ កំពុងមានភាពតានតឹងដាក់គ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ សុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣។

Meta សង្ឃឹមថា កម្មវិធី Threads នឹងក្លាយជាវេទិកាបញ្ចេញមតិសម្រាប់តារាល្បីៗ ក្រុមហ៊ុននានា និងអ្នកនយោបាយមួយចំនួន ហើយពួកគេអាចងាកមកប្រើប្រាស់កម្មវិធីបង្កើតថ្មីរបស់ខ្លួន ដោយសារតែកំណើននៃការ Download និង ចុះឈ្មោះប្រើប្រាស់ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីការប្រកាសបើកដំណើរការមានចំនួនរហូតដល់រាប់លាននាក់ទៅហើយ។

បើតាមអ្នកវិភាគយុទ្ធសាស្រ្តបានឲ្យដឹងថា ប្រសិនបើអ្នកជាអ្នកល្បីឈ្មោះ ឬ តារាល្បី ហើយប្រសិនបើអ្នកប្រើប្រាស់បណ្ដាញសង្គម Instagram ដែលមានអ្នក Follow ច្រើន ហើយមកប្រើប្រាស់បណ្ដាញសង្គមថ្មី Threads ឲ្យបានទៀងទាត់ នោះកម្មវិធីនេះអាចក្លាយជាវិទិកាបញ្ចេញមតិថ្មីដែលរីកចម្រើន និង ប្រសើរជាងមុន។

ថ្វីត្បិតនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានមនុស្សជាង ៣០លាននាក់ បាន Download ឬ ចុះឈ្មោះប្រើប្រាស់កម្មវិធី Threads ដែលជាគូប្រជែងរបស់ Twitter ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងនៃការបើកដំណើរការរបស់ខ្លួនក៏ដោយ។

ក្រុមហ៊ុន Meta ក៏នៅតែមានក្រុមអ្នករិះគន់ផងដែរ ជាពិសេសនៅតំបន់អឺរ៉ុប ដែលអាចពន្យឺតកំណើននៃកម្មវិធី Threads ដោយសារការព្រួយបារម្ភពីភាពសម្ងាត់របស់ទិន្នន័យ។

ក្រុមហ៊ុននេះ ត្រូវបានគេរិះគន់ចំពោះការចាត់ចែងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដែលផ្ដោតសំខាន់សម្រាប់ការផ្សាយពាណិជ្ជកម្មតាមគោលដៅ ដែលជួយឲ្យក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញរាប់ពាន់លានដុល្លារនៅថ្ងៃអនាគត។

យ៉ាងណាម៉ិញ បច្ចុប្បន្នមិនមានការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធី Threads ទេ ហើយលោក Zuckerberg បាននិយាយថា ក្រុមហ៊ុននឹងគិតតែអំពីការរកប្រាក់នៅពេលដែលមានការស្វែងរកផ្លូវច្បាស់លាស់ ដល់អ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមជាង ១ពាន់លាននាក់។

យោងតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ Meta មានការប្រុងប្រយ័ត្នចំពោះច្បាប់ថ្មីមួយហៅថា Digital Markets Act (DMA) ដែលកំណត់ច្បាប់តឹងរឹងសម្រាប់ក្រុមហ៊ុនអ៉ឺនធឺណិត “gatekeeper” របស់ពិភពលោក។

ច្បាប់ទី១ ដាក់កម្រិតលើមាតិកាមិនឲ្យផ្លាស់ប្តូរទិន្នន័យអ្នកប្រើប្រាស់ រវាងអ្នកប្រើប្រាស់កម្មវិធី Threads និង Instagram ។

ទាក់ទិននឹងបញ្ហានេះ គណៈកម្មការ EU ដែលនឹងត្រួតពិនិត្យការអនុលោមតាម DMA បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអ្វីដែលខ្លួនបាននិយាយថា ជាការសម្រេចចិត្តអាជីវកម្មឯកជន។

ជុំវិញបញ្ហានេះ នាយកប្រតិបត្តិ Twitter អ្នកស្រី Linda Yaccarino ដែលជាបុគ្គលិកជាន់ខ្ពស់របស់ លោក Elon Musk ដែលជាអ្នកពង្រឹងទំនុកចិត្តអ្នកផ្សាយពាណិជ្ជកម្មបាននិយាយនៅក្នុង Twitter កាលពីថ្ងៃព្រហស្បតិ៍ថា «មតិរបស់មនុស្សគ្រប់គ្នាមានសារៈសំខាន់នៅលើកម្មវិធី។ ជារឿយៗ កម្មវិធីរបស់យើងត្រូវបានគេយកគំរូតាម ប៉ុន្តែបណ្ដាញសង្គម Twitter មិនអាចចម្លងបានងាយស្រួលទេ»។

សូមជម្រាបថា បើតាមគេហទំព័រ Investopedia បានឲ្យដឹងថា ក្រុមហ៊ុន Meta មានក្រុមហ៊ុនធំៗ ចំនួន៦ ក្នុងដៃដូចជា៖ Facebook, Instagram, WhatsApp, Oculus VR, Onavo និង Beluga ដែលក្រុមហ៊ុនទាំងអស់នេះសុទ្ធសឹងតែជា ក្រុមបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ ហើយកំពុងតែមានអ្នកប្រើប្រាស់រាប់លាននាក់ ប៉ុន្ដែ Meta មិនលំអិតអំពីប្រាក់ចំណេញ ចំណាយ ឬ តម្លៃនៃការទិញក្រុមហ៊ុននានានោះទេ៕

ប្រភព៖ CNA & Investopedia

Share.