បាត់ដំបង÷ ម្ចាស់ផ្ទះ និងសាច់ញាតិផ្សេងទៀតកំពុងរៀបចំបុណ្យសព បុរសចំនួន២នាក់ឆ្លៀតឱកាសចូលលួចទ្រព្យសម្បត្តិបានជាច្រើន តែមិនបានប៉ុន្មានត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន។

នគរបាលការិយាល័យជំនាញបានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹងភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាបាន រហូតឈានដល់ការឃាត់បុរសចំនួន២នាក់ មានជាប់ពាក់ព័ន្ធករណីលួច យកទ្រព្យសម្បត្តិអ្នកដទៃជាម្ចាស់កម្មវិធីបុណ្យសពមួយកន្លែងស្ថិតនៅក្នុងភូមិបុះខ្នុរ ឃុំ ចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះឆាយ ឈួ ភេទប្រុស អាយុ៤៣ឆ្នាំ និងម្នាក់ទៀតឈ្មោះផល សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ទាំង២នាក់រស់នៅភូមិរាមគន់ជាមួយគ្នា ក្នុងឃុំគារ ស្រុក មោង ឫស្សី ខេត្តបាត់ដំបង។

ប្រភពខាងលើបន្តថា ខណ:ជនរងគ្រោះកំពុងរវល់រៀបចំពិធីបុណ្យសពសមាជិកគ្រួសារ ស្រាប់តែនៅវេលាម៉ោងប្រមាណជាជាង ០៣:០០នាទីរំលងអាធ្រាត្រថ្ងៃទី៥ ឈានចូលថ្ងៃទី៦ខែ កក្កដាឆ្នាំ២០២៣ ជនសង័្សយទាំងពីរនាក់បានធ្វេីសកម្មភាពចូលលួចយកទ្រព្យសម្បត្តិរបស់ម្ចាស់កម្មវិធីបុណ្យ រួមជាមួយសាច់ញាតិចំនួន២នាក់ផ្សេងទៀត ដែលខ្លះកំពុងរវល់ការងារ និងខ្លះទៀតបានសម្រាកលង់លក់។ ទ្រព្យសម្បត្តិដែលបង់បាត់មានប្រាក់រៀលចំនួន ១៥ម៉ឺនរៀល, ប្រាក់ដុល្លា២៧ ដុល្លាអាមេរិក, ជញ្ជៀន ប្លាទីន ០២វង់, ក្រវិលប្លាទីនមួយគូ ទូរស័ព្ទដៃ០២គ្រឿង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកផងដែរ។

ជនសង្ស័យទាំងពីរនាក់ត្រូវបាននគរបាលអធិការស្រុកបាណន់កំពុងរៀបចំសំណុំរឿងដេីម្បីបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញអនុវត្តតាមនីតិវិធី ចំណែកឯទ្រព្យសម្បត្តិនៅសេសសល់មួយចំនួនបានប្រគល់ជូនម្ចាស់វិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.