សិល្បៈជាតិ៖ មុននេះបន្តិច តារាចម្រៀងស្រី ទេព បូព្រឹក្ស បានប្រកាសដំណឹងរីករាយថា បទថ្មីដែលមានចំណងជើងថា «ទេវរាជ» ឬ Devarāja អាចរកអត្រានាក់ទស្សនាបានដល់ ១ លាន ២ សែនទស្សនានៅលើគេហទំព័រ Facebook ផ្លូវការរបស់កញ្ញា ត្រឹមរយៈពេលតែ ២៤ ម៉ោងតែប៉ុណ្ណោះ។ នេះសបញ្ជាក់ថា បទនេះកំពុងមានការគាំទ្រខ្លាំងពីមជ្ឈដ្ឋានមហាជន។

អ្នកម៉ាក់របស់អូនតូច បញ្ចវរាប បានបង្ហោះសារអរគុណមហាជនអ្នកគាំទ្រថា ៖ «គិតត្រឹមពេលនេះ២៤ម៉ោង បទ ទេវរាជ (Devarāja देवराज) ទទួលបានការគាំទ្រពីបងប្អូន ១លាន ២សែនទស្សនានៅលើគេហទំព័រ Facebook ផ្លូវការរបស់នាងខ្ញុំ អរគុណបងប្អូនជាទៅស្រលាញ់សម្រាប់ទឹកចិត្តស្វាគមន៍ការវិលត្រលប់របស់ខ្ញុំ ជាពិសេសអរគុណបងប្អូនដែលស្រលាញ់គាំទ្រនឹងការជ្រាបនូវអត្ថន័យនៃបទចម្រៀងមួយបទនេះ ដោយក្តីគោរពស្រលាញ់ ពីនាងខ្ញុំ ទេព បូព្រឹក្ស »។

សូមជម្រាបថា បទ «ទេវរាជ» ឬ Devarāja បានបង្ហោះផ្សាយកាលពីព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣នេះ ដើម្បីអបអរការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីមរតកបេតិកភណ្ឌពិភពលោកលើកទី ១៥ ។ បទនេះត្រូវបានរៀបចំផលិតឡើងដោយលោក ជី ដេវីត ក្នុងគោលបំណងដាស់តឿនស្មារតីនិងអារម្មណ៍អ្នកស្ដាប់ឱ្យដិតដាមជាប់នូវការដឹងគុណចំពោះភាពអស្ចារ្យរបស់ដូនតាខ្មែរនៃបុព្វហេតុកសាងអាណាចក្រទាំងបីជំនាន់។ បទនេះដែរ ក៏បានបង្កប់អត្ថន័យស្នេហាជាតិ និងក្រើនរំលឹកចំពោះការសិក្សាស្រាវជ្រាវអំពីដើមកំណើតអាណាចក្រខ្មែរដ៏រុងរឿងផងដែរ៕


