សិល្បៈជាតិ៖ នាងតូច សាពូន ដារាពិមាន បានបញ្ចេញ Poster បទចម្រៀងថ្មីដែលមានចំណងជើងថា «ពីក្រោយជោគជ័យគឺម៉ែ» ដែលបទនេះគេដឹងថាមានតារាចម្រៀង ម៉ា ច័ន្ទបញ្ញា ជាអ្នកជ្រោមជ្រែងនៅពីក្រោយ។

តាមការទម្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ចម្រៀងថ្មីមួយបទនេះនឹងចេញផ្សាយនៅពេលឆាប់ៗខាងមុខនេះ អ្វីដែលគេចាប់អារម្មណ៍នៅលើ Poster គឺមានការឧបត្ថម្ភការផលិតដោយកញ្ញា ស៊ីង ម៉ី និពន្ធដោយលោក ម៉ា ច័ន្ទបញ្ញា សម្តែង និងច្រៀងដោយ សាពូន ដារាពិមាន ផលិតដោយ Colors 9 អមដោយខ្លឹមសារចាត់ដោតដល់បេះដូងថា ៖ «បើអ្នកកំពុងជួបរឿងលំបាកក្នុងជីវិតសូមរង់ចាំស្តាប់បទនេះ»។

សូមជម្រាបថា បើទោះបីជាលោក សាពូន មីដាដា មិនចង់ឱ្យកូនស្រីចូលប្រឡូកសិល្បៈក្ដី ប៉ុន្តែកូនស្រីបណ្ដូលចិត្តរូបនេះមាននិស្ស័យ ទេពកោសល្យទាំងការច្រៀង លេងឧបករណ៍តន្ត្រី កាត់តាមឈាមឪពុក និងមានឧបនិស្ស័យខាងសម្ដែងដូចឈាមខាងម្ដាយ។ នាងតូច សាពូន ដារាពិមាន តែងតែបង្ហាញជំហរថា ខ្លួននឹងឈោងចាប់ក្ដីស្រមៃជាតារាល្បីម្នាក់នៅក្នុងសង្គមសិល្បៈ ហើយក្នុងរយៈពេលចុងក្រោយនេះនាងក៏បានបង្ហាញសកម្មភាពកិច្ចការងារសិល្បៈជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាមិញ កុំភ្លេចតាមដានបទថ្មីនេះពីអ្នកចម្រៀងតូចដែលមានឈាមជ័រត្រកូលអ្នកសិល្បៈ ថាតើទឹកដមសំឡេងពីរោះកម្រិតណា?៕


