
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារតាមរយៈបណ្ដាញសង្គមតេក្រាមជូនជនរួមជាតិខ្មែរ និងសំដៅជូនប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន ជុំវិញការប៉ុនប៉ង់ប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ អាមេរិក មានផែនការផ្ដល់គ្រាប់បែកចង្កោមឱ្យកងទ័ពអ៊ុយក្រែនដែលកំំពុងខ្វះសព្វាវុធធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានពីសំណាក់កងទ័ពរុស្សី។
សម្ដេចបានសរសេរថា«ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់គ្រាប់បែកចង្កោមឲ្យទៅអ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្សុី។ ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុតសម្រាប់ប្រជាជនអ៊ុយក្រែនរាប់សឹបឆ្នាំឬដល់រយឆ្នាំទៀតផងប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្សុីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន»។

សម្ដេចតេជោបានបន្តក្នុងន័យដើមទៀតថា«បទពិសោធន៍ឈឺចាប់របស់កម្ពុជាដែលបានទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្តរ៍១៩៧០មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។ ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តីអាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិកដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែលជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។
សូមបញ្ជាក់ថាជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែនដែលមានទំហំទឹកប្រាក់៨០០លានដុល្លារ គ្រាប់បែកចង្កោមជាច្រើនម៉ឺនគ្រាប់នឹងត្រូវរដ្ឋបាលលោកចូបៃដិនបញ្ជូនទៅឲ្យអ៊ុយក្រែន បើទោះបីមានការប្រឆាំងពីអង្គការសិទ្ធិមនុស្ស សមាជិកសភាមកពីគណបក្សរបស់លោក និងច្បាប់អាមេរិកដែលហាមការផលិត និងការនាំចេញគ្រាប់បែកចង្កោមដែលមានអត្រាមិនផ្ទុះច្រើនជាង ១%។ តាមកាសែតអាមេរិក លោកចូបៃដិនបានគេចវៀងទៅប្រើច្បាប់មួយទៀតដែលអនុញ្ញាតឲ្យប្រធានាធិបតីផ្តល់អាវុធអ្វីក៏បាន បើសិនប្រធានាធិបតីយល់ថា វាចាំបាច់សម្រាប់ផលប្រយោជន៍សន្តិសុខជាតិអាមេរិក។

ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃសុក្របាននិយាយស្វាគមកញ្ចប់ជំនួយថ្មីរបស់អាមេរិកសម្រាប់អ៊ុយក្រែន និងជាពិសេសគ្រាប់បែកចង្កោមដែលអ៊ុយក្រែនត្រូវការសម្រាប់វាយរុញច្រានកងទ័ពរុស្ស៊ីក្នុងសមរភូមិ។ លោក Jack Sullivan បញ្ជាក់ថាគ្រាប់បែកចង្កោមដែលអាមេរិកបញ្ជូនទៅអ៊ុយក្រែនមានអត្រាមិនផ្ទុះ២,៣% ដែលខ្ពស់បើប្រៀបធៀបនឹងច្បាប់អាមេរិក ប៉ុន្តែ វានៅតែទាបឆ្ងាយណាស់បើប្រៀបធៀបនឹងគ្រាប់បែកចង្កោមដែលរុស្ស៊ីកំពុងប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលមានអត្រាមិនផ្ទុះពី ៣០ ទៅ៤០%។
នៅក្នុងពិភពលោក ប្រទេសជាង១២០ហាមមិនឲ្យប្រើគ្រាប់បែកចង្កោម ព្រោះវាជាអាវុធដ៏ចម្រូងចម្រាស នៅត្រង់ថា គ្រាប់ និងគ្រាប់បែកមួយចំនួនដែលបាចសាចចេញពីគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះភ្លាម នឹងអាចបង្កគ្រោះថ្នាក់សម្លាប់មនុស្ស ទៅថ្ងៃក្រោយ ដែលគ្មានអ្នកណាក្រៅពីប្រជាជនស៊ីវិល។ អាមេរិក រុស្ស៊ី អ៊ុយក្រែន និងប្រទេសអឺរ៉ុបខាងកើតដូចជាប៉ូឡូញ រូម៉ានី អេស្តូនីមិនបានចុះហត្ថលេខា លើអនុញ្ញាអូស្លូ ឆ្នាំ ២០០៨ដែលហាមមិនឲ្យគេដឹកជញ្ជូន និងប្រើប្រាស់គ្រាប់បែកចង្កោម៕

