កណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកពូថៅកាប់បុរសម្នាក់ទៀត ពេលកំពុងអង្គុយផឹកស៊ីជាមួយគ្នាបណ្តាលឪ្យរបួសធ្ងន់ កាលពីវេលាម៉ោង ២៣:១៦នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុច ភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ កំសត់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ សៀម ភីហ្សា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅផឹកសុីនៅផ្ទះមិត្តភ័ក្តិរ ខណៈក្តិកំពុងអង្គុយផឹកស៊ីជុំគ្នា បានប្រហែលមួយម៉ោង ស្រាប់តែឃើញជនសង្ស័យបានដើរចូលមក កន្លែងជនរងគ្រោះ កំពុងអង្គុយផឹកស៊ី ក្នុងស្ថានភាពស្រវឹង នៅពេលជនសង្ស័យដើរមកដល់កន្លែងផឹកស៊ី មិត្តម្នាក់ដែលជាម្ចាស់ផ្ទះបានឲ្យជនសង្ស័យអង្គុយចុះ និង ឲ្យស្រាបៀរ ចំនួន ០២កំប៉ុង ពេលផឹកអស់ស្រាចំនួន ០២កំប៉ុង ជនសង្ស័យបានសុំបារីពីម្ចាស់ផ្ទះជក់មួយដើម ពេលនោះម្ចាស់ផ្ទះបានឆ្លើយប្រាប់ថា គ្មានបារីទេ ភ្លាមៗជនសង្ស័យ បាននិយាយថា បើគ្មានបារីទេ ចាំខ្ញុំទៅយកពីផ្ទះរបស់ខ្ញុំមក បន្ទាប់មកជនសង្ស័យ បានដើរទៅផ្ទះរបស់ខ្លួនបានមួយសន្ទុះ ជនសង្ស័យបានត្រលប់មកវិញ ដោយមានស្ពាយកាបូប ពណ៌ខ្មៅ ជាប់និងខ្លួនមកជាមួយផងដែរ ហើយដើរចូលមកកន្លែងអង្គុយផឹកវិញ ដោយផឹកអស់ប្រហែលកន្លះកំប៉ុងពេលនោះជនសង្ស័យបានទាញពូថៅចេញពីក្នុងកាបូបដែលស្ពាយជាប់និងខ្លួននោះ មកធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះ១ពូថៅ ចំកំភួន ដៃខាងឆ្វេង បណ្តាលឲ្យរងរបួសហូរឈាម ដោយពុំមានទំនាស់គ្នាឡើយ។

ភ្លាមៗជនរងគ្រោះត្រូវបានសាច់ញាតិជនរងគ្រោះបាននាំជនរងគ្រោះ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រួចហើយក៏មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាឮជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យ បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុក ពញាឮ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ កណ្តាល

