ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីបានបង្ហោះប្រើឋានៈ ក្លែងធ្វើឲ្យប៉ះពាល់ដល់សា្ថប័នមហាអយ្យការអមតុលាការកំពូល នៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។

តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកមួយមានឈ្មោះ ជាន សាវង្ស ដែលបានចែករំលែក (Share)ព័ត៌មានមួយលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) ដោយបានសរសេរសំណេរ ដែលមានខ្លឹមសារថាៈ “ខ្ញុំសុំដាក់សំនួរទៅខាងមេធាវីដើមបណ្តឹងថា តើលោកមានវិជ្ជាជីវៈជាមេធាវីទ មុននឹងធ្វើជាមេធាវីការពារក្តីឲ្យដើមបណ្តឹង លោកបានដឹងទេថា សំណុំរឿងនឹងវាយ៉ាងម៉េចទេ សូមលោកមេធាវីធ្វើការ ដោយតម្លៃជាមេធាវីផង យើង ជានរ សាវង្ស ព្រះរាជអាជ្ញាអមតុលាការកំពូលក្រុងភ្នំពេញ។

ក្រោយពីពិនិត្យថា កាបង្ហោះនេះបានប្រើឋានៈក្លែងធ្វើឲ្យប៉ះពាល់ដល់សា្ថប័នមហាអយ្យការអមតុលាការកំពូល លុះដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាឃាត់ខ្លួនឈ្មោះ ជា ដូ ភេទប្រុស កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ ទីលំនៅបច្ចុប្បន្នផ្ទះសំណាក់ML ផ្លូវសឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកសាកសួរ និងចាត់ការតាមនីតិវិធី។

ក្រោយបញ្ចប់កិច្ចស៊ើបអង្កេត និងការសួរនាំ ជនសង្ស័យបានសារភាពទទួលស្គាល់កំហុស និងសុខចិត្តសុំទោសជាសាធារណៈ។ រួចតំណាងអយ្យការបានសម្រេចអនុញ្ញាតឲ្យឈ្មោះ ជា ដូ ត្រឡប់ទៅវិញ ដោយសារតែសកម្មភាពប្រព្រឹត្តរបស់ជនសង្ស័យមិនទាន់បានបង្កើតជាអត្ថិភាពនៃបទល្មើសនៅឡើយបើផ្អែកតាមភស្តុតាង និងការពិនិត្យសំណុំរឿងរបស់តំណាងអយ្យការ៕

Share.