បន្ទាយមានជ័យ៖ ជនជាតិចិនខ្មែរ៩នាក់ ជិះឡានមកវាយជនជាតិចិនម្នាក់វាយខ្នោះញាត់ចូលរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរតែត្រូវបានសមត្ថកិច្ចឃាត់ទាន់ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២៣.២០នាទី ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣ នៅផ្សាររាត្រីទឹកពុះ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


  អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ ដំបូងឡើយគេឃើញជនជាតិចិនខ្មែរ៩នាក់ បានជិះឡានអាល់ផាត ពាក់ស្លាកលេខបន្ទាយមានជ័យ 2D.6336 ពណ៌ស បាននាំគ្នាចុះពីលើរថយន្តហើយចាប់វាយជនជាតិម្នាក់ដែលកំពុងអង្គុយញាំអីនៅក្នុងហាងមួយកន្លែង មានដំបងឆក់ ស្នាប់ដៃ ខ្នោះដៃ ធ្វើឲ្យជនរងគ្រោះ បែកក្បាល ប៉ោងមុខមាត់ហូរឈាមស្រោចខ្លួន វាយបណ្តើរចូលរថយន្ត។


  អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ ក្រោយពីធ្វើសកម្មភាពវាយបណ្តើរជនរងគ្រោះចូលរថយន្ត ត្រូវបានក្រុមសន្តិសុខ និងប្រជាពលរដ្ឋឃាត់ រួច បានប្តឹងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឲ្យជួយអន្តរាគមន៍ យកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបញ្ជូនជនសង្ស័យទាំង៩នាក់ ទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។


  សមត្ថកិច្ចនគរបាលនៅកន្លែងហេតុការណ៍បានប្រាប់ថា៖ តាមការសាកសួរដំបូងគឺជនសង្ស័យទាំងនោះបានប្រាប់ថា ជនរងគ្រោះបានលួចលុយក្រុមហ៊ុន ទើបបង្កអំពើហិង្សា បង្កការភ្នាក់ផ្អើលកើតឡើង ហើយជនជនសង្ស័យត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ប៉ោយប៉ែត

Share.