
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចូលបំពេញការងារជាធម្មតាវិញហើយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបង្ហាញសកម្មភាពដឹកនាំកិច្ចប្រជុំមួយនៅសាលាខេត្ត ដោយមានការចូលរួមពីមន្រ្តីចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
«ខ្ញុំបាទបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ប្រចាំ ឆមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នៅសាលប្រជុំសាលាខេត្ត»។ ឯកឧត្តម គង់ សោភ័ណ្ឌ បានសរសេរបង្ហោះខ្លឹមសារនេះភ្ជាប់ដោយរូបភាពដែលឃើញមានមន្រ្តីបង្ហាញការត្រេកអរចំពោះការវិលមកបំពេញការងាររបស់ឯកឧត្តមដែលជាមេកើយ។

គួររម្លឹកថាឯកឧត្តម គង់ សោភ័ណ្ឌ បានវិលមុខដួលក្នុងអំឡុងពេលប្រារព្ធពិធីមួយនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល កាលពីអំឡុងខែមិថុនា ដែលបើតាមមន្រ្តីស្និត គឺដោយសារមួយរយៈចុងក្រោយ ឯកឧត្តម អភិបាលខេត្ត មានភាពមមារញឹកខ្លាំងទាំងកិច្ចការសាលាខេត្ត កម្មវិធីជាមួយថ្នាក់ដឹកនាំ និងការងារគណបក្សក្នុងឆ្ពោះទៅកាន់ការបោះឆ្នោត។
បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដំបូងឡើយឯកឧត្តមអភិបាលខេត្តបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ហើយក៏ត្រូវបានក្រុមគ្រួសារ និងថ្នាក់ដឹកនាំសាលខេត្តបញ្ជូនបន្តមកព្យាបាលនៅរាជធានីភ្នំពេញ និងឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ។

សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសស្ដីពីការប្រគល់ភារកិច្ចដល់ ឯកឧត្តម នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្ដីទីជំនួសឯកឧត្តម គង់ សោភ័ណ្ឌ។
ឯកឧត្តម គង់ សោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
មុនកាន់មុខតំណែងជាអភិបាលខេត្តកណ្ដាល ឯកឧត្តមបានកាន់មុខតំណែងជាអភិបាលស្រុកខ្សាច់កណ្ដាល និងផ្ទេរមកធ្វើអភិបាលស្រុកល្វាឯមមួយរយៈខ្លី ក៏ត្រូវបានសម្ដេចតេជោ តែងតាំងជាអភិបាលរងខេត្តកណ្ដាល ហើយបន្តទទួលបានសេចក្ដីទុកចិត្តតែងតាំងជាអភិបាលខេត្តជំនួសឯកឧត្តម ម៉ៅ ភិរុណ៕

