បាត់ដំបង÷ សមត្ថកិច្ចចម្រុះចុះបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនឆ្លងខេត្តចំនួន៣នាក់ រឹបអូសគ្រឿងញៀន យ៉ាម៉ា WY ពណ៌ផ្កាឈូកជាង១ម៉ឺនគ្រាប់ នៅវេលាម៉ោងជិត៦:០០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រតិបត្តិការនេះជំហានដំបូងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នាំមកធ្វើការសួរនាំ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាជាបក្សពួកម្នាក់ថែមទៀត នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៣នាក់ទី១មានឈ្មោះចិន រ៉ង ភេទប្រុស អាយុ៣៦ឆ្នាំ,ទី២ឈ្មោះព្រំ ធិន ហៅ ប្រុស ភេទប្រុស អាយុ៤៦ឆ្នាំ ទាំងពីរនាក់មានទីលំនៅក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ, និងទី៣ ឈ្មោះសុខ វិបុល ភេទប្រុស អាយុ៤១ឆ្នាំ មានទី លំនៅភូមិក្នុងឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

ក្រោយឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនទាំង៣នាក់ កម្លាំងចម្រុះបានដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ហៅយ៉ាម៉ា (WY) សរុបចំនួន ១២,០៧៤គ្រាប់ ព្រមទាំងបំណែកពណ៌ផ្កាឈូកពាក់ព័ន្ធសារធាតុញៀនមានទម្ងន់ជាង ១,២២៤ក្រាមទៀត , ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ ១F-៦៥១៣។បច្ចុប្បន្នជនសង័្សយ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ ដំបងក្រញួង

