ភ្នំពេញ÷បង្គោលភ្លើងមួយដើមបានបាក់ជាពីរកំណាត់ ក្រោយបុរសម្នាក់បើករថយន្ដសេរីទំនើបម៉ាក Jeep បុកពេញទំហឹង កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដសេរីទំនើបមួយគ្រឿង ម៉ាក Jeep ពាក់ស្លាកលេខភ្នំពេញ 2 ធ្វើដំណើរតាមបណ្ដោផ្លូវលេខ៦០៨ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងមួយដើមនៅខាងឆ្វេងដៃ បណ្ដាលឲ្យបង្គោលភ្លើងបាក់អស់ពីរកង់ ឯរថយន្ដបង្ករងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង ដាច់កាលេកង់ បើកទៅមុខលែងរួច  តែជាសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទួចរថយន្ដបង្កទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.