សិល្បៈជាតិ៖ តារាសម្ដែងស្រីដែលមានស្បែកសខ្ចីស្អាតដូចព្រិលធ្លាក់នារដូវរងា កញ្ញា ហ្វាហ្វា ទើបតែទទួលតំណែងថ្មីជា BA ឱ្យផលិតផលថែរក្សាសម្រស់និងរូបរាង របស់ក្រុមហ៊ុន HK7 មិនទាន់ដល់១ខែស្រួលបួលផង ក៏ស្រាប់តែអគ្គនាយិកាក្រុមហ៊ុនព្រមប្រគល់កាដូរថយន្តទំនើប Ford Mustang Shelby GT500 ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារជូនកញ្ញាយ៉ាងភ្ញាក់ផ្អើលក្នុងថ្ងៃខួបកំណើត។

តាមការបង្ហោះវីដេអូរបស់លោកស្រី អ៊ឹម សុគន្ធា នៅលើបណ្ដាញសង្គមបានឱ្យដឹងថា លោកស្រីបានប្រើឱ្យអ្នកដឹកអីវ៉ាន់ទូរស័ព្ទពញ្ញាក់អារម្មណ៍កញ្ញា ហ្វាហ្វា នៅមុខហាងឱ្យចេញមកទទួលកាដូនៅក្នុងរថយន្ត ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ថាការពិតអគ្គនាយិការូបនេះយករថយន្ត Ford Mustang Shelby GT500 មកឱ្យកញ្ញានៅថ្ងៃខួបកំណើតផ្ទាល់បែបនេះសោះ។ ហ្វាហ្វា រំភើបចិត្តជាខ្លាំងបាននិយាយនៅក្នុងវីដេអូនេះថា នេះជាលើកដំបូងក្នុងឆាកជីវិតរបស់នាងហើយ ដែលទទួលបានកាដូដ៏មានតម្លៃថ្លៃបែបនេះ រហូតធ្វើឱ្យនាងក្ដុកក្ដួលក្នុងអារម្មណ៍ស្ទើរស្រក់ទឹកភ្នែក។
យ៉ាងណាមិញ គេនៅចាំបានថា កាលពីពាក់កណ្ដាលខែកញ្ញាឆ្នាំ ២០២២ ហ្វាហ្វា បានទិញរថយន្តស៊េរីទំនើបម៉ាក MG GT 2022 ពណ៌សយ៉ាងថ្មីសន្លាង ដែលមានតម្លៃប្រមាណជាង ៤ ម៉ឺនដុល្លារ ជាកាដូសម្រាប់ខ្លួនឯងចំពោះការខិតខំប្រឹងប្រែងធ្វើការងារទាំងថ្ងៃទាំងយប់ រកដោយកម្លាំងញើសឈាមរបស់ខ្លួនសុទ្ធសាធ។ ដំណឹងនេះក៏បានធ្វើឱ្យមហាជនពោលសរសើរចំពោះកញ្ញាមិនដាច់ពីមាត់ផង។ បើសម្រាប់អ្នកជឿលើរឿងហុងស៊ុយ ច្បាស់ជាហ៊ាននិយាយថា ២ ឆ្នាំនេះ ហ្វាហ្វា កាន់តែមានយីអ៊ុនខ្ពស់ ជាពិសេសកាក់កបជាមួយទ្រព្យរបស់តែម្ដង។


សូមជម្រាបផងដែរថា ហ្វាហ្វា គឺជាតារាស្រីរាងតូចស្រឡូនមានមន្តស្នេហ៍ ហើយនាងនិយមចូលចិត្តតុបតែងខ្លួនសិចស៊ី បង្ហាញដើមទ្រូងទ្រលុកទ្រលន់ជាដើម។ បន្ទាប់ពីឡើងកូដខ្លាំង ហ្វាហ្វា មានទីផ្សារការងារសិល្បៈជាហូរហែរកតែថ្ងៃសម្រាកគ្មាន ទាំងថតស្ពត សម្អាងការ ជាពិសេសគឺ ថតខ្សែភាពយន្ត។ ហើយថ្មីៗនេះកញ្ញាក៏បានចូលរួមសម្ដែងក្នុងរឿងភាគទូរទស្សន៍ CTN ដែលមានចំណងជើងថា «ចោះត្រចៀក» ដែលមានផ្សាយជូនរៀងរាល់ថ្ងៃច័ន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៨-៩យប់៕




