ព្រះសីហនុ÷ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចពេញមួយព្រឹក បន្ទាប់ពីស្រ្តីជនជាតិឥណ្ឌូនេស៊ីម្នាក់ បានអើតកតាមបង្អួចនៅជាន់ខាងលើ ដោយស្រែកឲ្យគេឯងជួយនៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងសង្កាត់លេខ ៣ក្រុងព្រះសីហនុ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ គេឃើញមានស្រ្តីម្នាក់បានអើតកតាមបង្អួចផ្ទះសំណាក់ ហ៊ីហោ ម៉ាយ៉ា ស្រែកឲ្យគេជួយជាភាសារបរទេស។
គ្រប់គ្នាដែលបានលឺ និងឃើញ ភ្លាមៗក៏ស្មានថាជានារីរងគ្រោះត្រូវបានគេចាប់បង្ខាំង ទើបនាំគ្នាផ្អើលឆោឡា និងទាក់ទង់កម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីសមត្ថកិច្ចឡើងទៅដល់ទើបដឹងថា វាមិនមែនជារឿងចាប់ជំរិតទេ។
សមត្ថកិច្ចឱ្យដឹងទាំងហូសចិត្តថា តាមពិតជាករណីប្តីប្រពន្ធជនជាតិឥណ្ឌូនេស៊ីមួយគូ ព្រោះតែចង់ផ្លាស់ប្តូរបរិយាកាសពីក្នុងបន្ទប់គេង ទៅនៅក្នុងបន្ទប់ទឹក តែគាប់ជួនត្រូវជាប់គន្លឹះចេញមិនរួច ក៏សម្រេចចិត្តកាច់បង្អួចអើតក្បាលចេញក្រៅ ស្រែកហៅគេឯងឲ្យជួយ ធ្វើឲ្យគ្រប់គ្នាមានការភាន់ច្រឡំថាជាករណីចាប់បង្ខាំងមនុស្ស រហូតផ្អើលសម្ថកិច្ចពេញក្រុងព្រះសីហនុទាំងព្រឹក។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ត្រួតពិនិត្យ រកឃើញថាគឺបុរសស្ត្រី ជនជាតិឥណ្ឌូនេសុី ជាប្តីប្រពន្ធនឹងគ្នា គឺជាអ្នកស្នាក់នៅទីតាំងខាងលើនឹងតែម្តង ហើយបានចូលក្នុងបន្ទុបទឹកទាំងពីរនាក់ ចៃដន្យជាប់គន្លឹះទ្វារក្នុងបន្ទប់ទឹកចេញមិនរួច ទើបអើតក្បាលតាមបង្អួចស្រែកឲ្យគេជួយបែបនេះ៕



អត្ថបទ៖ ព្រះសីហនុ

