ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនទុច្ចរិត ដែលប្រើល្បិចដដែលៗឆបោកតាមរយៈហ្វេសប៊ុក ក្រោមរូបភាពធ្វើជាគ្រោះថ្នាក់ចរាចរណ៍ ដោយលួងលោមទារប្រាក់ពីជនរងគ្រោះ ដាក់ ពន្ធនាគារបណ្តោះអាសន្ន។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរ ជាអ្នកបើកបរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ.ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ (មាន២សំណុំរឿង និងដីកាបង្គាប់ឲ្យឃុំខ្លួនក៏២ដែរ) ដែលបទល្មើសមានចែងតាមបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា ជនត្រូវចោទត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជនសង្ស័យបានធ្វើសកម្មភាពបោកប្រាស់ ស្ត្រីវ័យចំណាស់ តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រក មើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ វេឲ្យជនសង្ស័យភ្លាមៗ តែម្តង។
កាលពីពេលកន្លងទៅ ក៏មានជនរងគ្រោះ បានដឹងខ្លួនមុន ហើយថតសំឡេងសុន្ទនាជាមួយជនបោកប្រាស់ប្រភេទនេះ ដែលទំនងជាជននេះផងក៏មិនដឹង។ ជនរងគ្រោះបានព្យាយាមសួរនាំម្ដងជាពីរដង ដើម្បីដេញជើងជនល្មើសដែលបន្លំធ្វើសំឡេងកូនជនរងគ្រោះ និងសុំឱ្យជួយផ្ញើប្រាក់ដើម្បីខ្លួនយកទៅដោះស្រាយគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងការសន្ទនានោះ បន្ទាប់ពីភាគីជនរងគ្រោះបានដឹងថាជាសំឡេងជនល្មើសបោកបញ្ឆោទ ជនរងគ្រោះក៏និយាយបែបចំអកថាមិនយូរទេ ជនបោកប្រាស់របៀបៗនេះ នឹងត្រូវសមត្ថកិច្ចចាប់ខ្លួន៕


អត្ថបទ៖ចតុមុខ

