សិល្បៈ​ជាតិ​​៖ ជិត​ដល់​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​ Miss​ Supranational​ 2023​ ហើយ​នោះ​ ស្រាប់​តែ​កើត​ហេតុការណ៍​ភ្ញាក់​ផ្អើល​ព្រាត​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រវាង​ហ្វេន​អ្នកគាំទ្រ​កម្ពុជា​ ជាមួយ​កញ្ញា​ Melissa​ Bridgemohan​ ជា​បវរកញ្ញា​ Miss​ Supranational​ Cayman​ Islands​ (កោះ​កៃម៉ាន​)​។

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ហ្វេន​អ្នកគាំទ្រ​កម្ពុជា​ជា​ច្រើន​នាក់​ពិត​ជា​កើត​ក្ដី​មិន​ពេញ​ចិត្ត​ចំពោះ​បវរកញ្ញា​កោះកៃម៉ាន​ ដែល​បាន​បញ្ចេញ​កាយ​វិកា​ និង​ពាក្យ​សម្ដី​រើស​អើង​ ហាក់​ដូច​ជា​តម្កើង​ឫក​ខ្មឺត​មក​លើ​អ្នក​គាំទ្រ​កម្ពុជា​នៅ​ក្នុង​ពេល​ Live។ ក្រោយ​កើត​ហេតុ​នេះ​ ហ្វេន​អ្នកគាំទ្រ​កម្ពុជា​ច្រើន​នាក់​អ្នក បាន​ធ្វើ​ពហិការ​ដាក់​រូប​ Emoji​ ខឹង​នៅ​លើ​រូបភាព​របស់​ កញ្ញា​ Melissa​ Bridgemohan​ ដែល​ជា​ Miss​ Supranational ​Cayman​ Islands ​រហូត​ដល់​ផ្អើល​ស្ថាប័ន ​Miss ​Supranational ​ទាំង​មូល​តែ​ម្ដង​។ ​

ខាង​ស្ថាប័ន ​Miss ​Supranational​ បាន​ចេញ​មក​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​កម្ពុជា​ថា​ ខាង​ស្ថាប័ន​ចង់​ឱ្យ​ហ្វេន​អ្នកគាំទ្រ​កម្ពុជា​ពិចារណា​ឡើង​វិញ​នូវ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នា​ពេល​ Live​ នេះ​ ព្រោះ​ថា​ វីដេអូ​ខ្លី​ដែល​បាន​ឃើញ​នោះ​ ក៏​មិន​អាច​សបញ្ជាក់​ពី​ការ​ពិត​ទាំង​ស្រុង​បាន​ដែរ​។ យ៉ាង​ហោច​ណាស់​ បវរកញ្ញា​ និង​បវរកញ្ញា​ គឺ​ពួក​គេ​ស្រលាញ់​គ្នា​ខ្លាំង​ណាស់​ និង​មាន​សម្ព័ន្ធភាព​ល្អ​នឹង​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​។

យ៉ាង​ណា​មិញ ​បើ​ទោះ​មាន​អន្តរាគមន៍​ពី​ខាង​ស្ថាប័ន​ Miss ​Supranational​ ក៏​ដោយ​ ក៏​ប៉ុន្តែ​កញ្ញា​ ជីលី​ ទេវី​ បាន​ចេញ​វីដេអូ​មក​បក​ស្រាយ​បញ្ចប់​រឿង​ជា​មួយ​អ្នក​គាំទ្រ​កម្ពុជា​ថា​ រឿង​ដែល​បាន​កើត​ឡើង​នេះ​ គឺ​សុទ្ធ​តែ​ជា​រឿង​យល់​ច្រឡំ​គ្នា​រវាង​អ្នកគាំទ្រ​កម្ពុជា​ និង​បវរកញ្ញា​ Miss​ Supranational​ Cayman​ Islands ​ដែល​កញ្ញា​អះអាង​ថា​ បវរកញ្ញា​កោះកៃម៉ាន​ មិន​យល់​ពី​អត្ថន័យ​របស់​ហ្វេន​កម្ពុជា​ទេ​ ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​កើត​ឡើង​។ កញ្ញា​ ជីលី ​ទេវី​ បាន​សុំ​ចិត្ត​ឱ្យ​អ្នក​គាំទ្រ​រំងាប់​អារម្មណ៍​ខឹង​ចំពោះ​បវរកញ្ញា​ កោះកៃម៉ាន​ ដោយ​ឈប់​គិត​រឿង​មិន​ល្អ​ចោល​ឱ្យ​អស់​ ហើយ​សូម​ឱ្យ​អ្នកគាំទ្រ​ទទួល​យក​រឿង​អ្វី​ដែល​ល្អ​ៗ​ពី​ការ​ប្រកួត​វិញ​ទៅ​បាន​ហើយ​។

សូម​ជម្រាប​ផង​ដែរ​ថា​ ការ​ប្រកួត​ Mister​ and​ Miss ​Supranational​ 2023 ​នឹង​ធ្វើ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃទី​ ១៥​ ខែ​កក្កដា ​ខាង​មុខ​នេះ​ ដោយ​ប្រទេស​ប៉ូឡូញ​គឺ​ជា​ម្ចាស់​ផ្ទះ​ ហើយ​បេក្ខភាព​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​គឺ​មាន​ លោក​ វន​ សិលា ​និង​កញ្ញា ​ជីលី​ ទេវី។​ កុំ​ភ្លេច​រង​ចាំ​ជួយ​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​យើង​ទាំង​អស់​គ្នា​៕

Share.