
ទីផ្សារដោះដូរកីឡាករក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League រដូវកាល២០២១ ជើងទី២ ចាប់ផ្ដើមបើកទ្វាពីថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ តទៅហើយ ដែលរយៈពេលប្រមាណ១ខែ ដើម្បីឱ្យក្លិបទាំង១៣អាចបន្ថែម ឬ ដកសមាជិកចេញត្រៀមខ្លួនប្រកួតប្រជែងពាក់កណ្ដាលរដូវកាលទៀតដែលនៅសេសសល់។
យោងតាមរយៈលិខិត១៧៨/២១ គ.ប្រ.ប.ជ.ក ចុះថ្ងៃអង្គារទី២៩ខែមិថុនាឆ្នាំ២០២១ កន្លងទៅរបស់គណកម្មការរៀបចំការប្រកួតបាល់ទាត់កម្ពុជា បញ្ជាក់ថាទីផ្សារដោះដូរកីឡាករនៅកម្ពុជា នេះចាប់ផ្ដើមពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយ ក្លិបនីមួយៗក្នុងលីគកំពូលកម្ពុជា អាចធ្វើការដោះដូរកីឡាកររបស់ខ្លួនបានចំនួន៥នាក់ ដែលក្នុងនោះមានកីឡាករខ្មែរចំនួន៣នាក់ និងកីឡាករបរទេសចំនួន២នាក់ផងដែរ។
សូមបញ្ជាក់ថាចំពោះកីឡាករបរទេសវិញ ត្រូវបានកំណត់ឱ្យចុះបញ្ជីបានចំនួន៥នាក់ ដោយក្នុងនោះមាន១នាក់ត្រូវតែជាពលរដ្ឋនៅក្នុងទ្វីបអាស៊ី ហើយ៤នាក់ទៀតបើកឱ្យចុះឈ្មោះចម្រុះជាតិសាសន៍សេរី។ គិតត្រឹមពេលនេះក្រុមវិសាខា បានប្រកាសពីការចុះសមាជិកថ្មីរបស់ខ្លួនម្នាក់បានមុនគេ គឺកីឡាករប្រេស៊ីល Cristian Alex ជាខ្សែប្រយុទ្ធ ជំនួសកីឡាករអង់គ្លេស Charlie Machell ដែលចាកចេញពីខែឧសភា កន្លងទៅ។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២១នេះបានចាប់ផ្ដើមដំណើរការពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ដោយមានសមាជិកក្រុមចំនួន១៣ក្រុមដូចជា អង្គរថាយហ្គឺរ អាស៊ីអឺរ៉ុប បឹងកេត អគ្គីសនីកម្ពុជា គីរីវង់សុខសែនជ័យ ណាហ្គាវើល អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង ព្រៃវែង សូលទីឡូអង្គរ មជ្ឍមណ្ឌលកងយោធពលខេមរភូមិន្ទ និងវិសាខា។ក្រុមទាំងអស់ត្រូវប្រកួតគ្នាសន្សំពិន្ទុចំនួន២ជុំ ហើយក្រុមដែលមានពិន្ទុច្រើនជាងគេទទួលបានជើងឯកប្រចាំរដូវកាលតែម្តង៕

