យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីបំណែកនៃស្ពានអាកាសដែលកំពុងសាងសង់ បានបាក់នៅសង្កាត់ Lat Krabang ក្នុងទីក្រុងបាងកក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន New Straits Times នាថ្ងៃ អង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

ស្ពានអាកាសនេះកំពុងតែសាងសង់ ហើយបានបាក់រលំនៅវេលាម៉ោងប្រហែល ៦ល្ងាច កាលពីថ្ងៃ អាទិត្យ ទី១០ ខែកក្កដា ទាំងមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

ស្ពានអាកាសមួយខ្សែនេះ គឺជាផ្នែកមួយនៃគម្រោងសាងសង់ប្រវែង ២.២គីឡូម៉ែត្រ ស្ថិតនៅលើផ្លូវ On Nut-Lat Krabang ឆ្លងកាត់លើវិថី និង ស្ថាប័ននានាជាច្រើនដែលត្រូវចំណាយថវិកាសរុបប្រមាណ ១.៦៦០លានបាត និង ត្រូវកសាងរួចរាល់ជាស្ថាពរក្នុងរយៈពេល ៩០០ថ្ងៃ ប៉ុន្ដែកំឡុងពេលសាងសង់ វាក៏ស្រាប់តែបាក់រលំ បង្កឲ្យមានមនុស្សស្លាប់ និង របួសជាច្រើននាក់ រួមទាំងបានបាក់សង្កត់លើផ្លូវនៅខាងក្រោម មានទាំងម៉ូតូ រថយន្ដ ផ្សេងៗជាច្រើនទៀត។

ទន្ទឹមនោះ អគ្គិសនី​នៅ​តំបន់​នោះ​បានដាច់មិនដំណើរការ ហើយ​ទើប​ដំណើរការ​វិញបាន​នៅ​ពាក់​កណ្តាល​អធ្រាត្រ​យប់​ថ្ងៃអាទិត្យវិញប៉ុណ្ណោះ។

ចៅសង្កាត់ Krabang លោក ឆាត់ឆាយ៉ា កាំចាន់ (Chatchaya Kamjan) បាននិយាយាថា ជនរងគ្រោះទី១ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលស្ពាននោះបានបាក់សង្កត់ពីលើ។ ចំណែកជនរងគ្រោះទី២ ​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម Search And Rescue (SAR) នៅ​ពេល​ពួក​គេ​ចុះ​ពិនិត្យ​កន្លែងកើតហេតុ។ លោក​បាន​បន្ត​ថា «​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិតនោះ​បំផុត ដើម្បី​ព្យាបាល​»​។

ជាមួយគ្នានេះដែរ អភិបាលក្រុងបាងកក លោក ឆាត់ឆាត សិទ្ធិផាន់ ក៏បានចូលរួមត្រួតពិនិត្យ រួមជាមួយក្រុមវិស្វកម្មដើម្បីឲ្យដឹងថា តើត្រូវរុះរើនៅចំណុចណា ហើយត្រង់ណាជាកន្លែងគ្រោះថ្នាក់ ដើម្បីដាក់កម្លាំង និង គ្រឿងចក្រធ្វើការរុះរើចេញ ចំណែកបញ្ហាដែលកើតឡើងទាំងអស់នេះ ខាងអ្នកម៉ៅការសំណង់នេះ នឹងត្រូវធ្វើការទទួលខុសត្រូវទាំងស្រុង៕

ប្រភព៖ New Straits Times

Share.