សិល្បៈជាតិ៖ ថ្មីៗនេះ កញ្ញា សោម ស្រីនាថ ទទួលបានតំណែងជា Miss Bird’s Nest Cambodia ចេញទៅប្រកួតនៅប្រទេសចិនក្នុងកម្មវិធី Bird’s Nest Division ដែលកម្មវិធីនេះបានផ្ដោតសំខាន់ទៅការផ្សព្វផ្សាយវប្បធម៌តាមប្រទេសនីមួយៗ និងស្វែងរកស្ត្រីឆ្នើមនៅលើវិស័យប្រកួតប្រជែងជំនាញជំនួញសំបុកត្រចៀកកាំ។ ការចេញទៅប្រកួតនេះ គឺតបតាមការអញ្ជើញរបស់សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា។


រហូតដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣ ក៏មានការប្រកាសថា កញ្ញា សោម ស្រីនាថ ទទួលបានពានរង្វាន់បវរកញ្ញាត្រចៀកកាំពីកម្មវិធី Bird’s Nest Division ដោយជោគជ័យ និងទទួលបានការសាទរយ៉ាងពេញទំហឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកពីមហាជនអ្នកគាំទ្រកញ្ញាផងដែរ។
ពិធីការិនីរូបនេះ បានលើកឡើងថា កម្មវិធីមួយនេះបានធ្វើឱ្យកញ្ញាទទួលបានបទពិសោធន៍ច្រើនណាស់ បើទោះបីជាកញ្ញាអត់ចេះភាសាចិន ហើយអ្នកចូលរួមប្រកួតភាគច្រើនអត់និយាយអង់គ្លេសក៏ដោយ ក៏ប៉ុន្តែកញ្ញានៅតែអាចធ្វើបាន ក្នុងនាមតំណាងឱ្យស្ត្រីខ្មែរ ដែលមានភាពទន់ភ្លន់ ដែលមិនមែនមានត្រឹមតែសម្រស់ស្អាតមួយមុខប៉ុណ្ណោះទេ ហើយក៏ជាស្ត្រីដែលរឹងមាំ តស៊ូ ឆ្លាត ជាស្ត្រីដែលខ្លាំង និងត្រូវមាន Business ផ្ទាល់ខ្លួនថែមទៀត។


ការជោគជ័យដ៏ធំធេងមួយនេះ ក៏មានការជួយជ្រោមជ្រែងពីក្រោយដោយតារាស្រី ដួង ហ្សូរីដា ទាំងការតម្រង់ទិស និងការឧបត្ថម្ភលើផ្នែកឈុតសំលៀកបំពាក់បុរាណខ្មែរ។ ពិធីការិនី ដួង ហ្សូរីដា មិនត្រឹមតែពោលសរសើរពីភាពក្លាហានរបស់កញ្ញា សោម ស្រីនាថ នោះទេ ថែមទាំងឆ្លៀតរំលឹកពីប្រវត្តិតស៊ូរបស់នាងថែមទៀត។ ពិធីការិនី ដួង ហ្សូរីដា ថា «ជ័យជំនះលើកនេះមិនមែនជាជោគជ័យតែម្នាក់របស់ស្រីនាថទេ ប៉ុន្តែគឺតំណាងឱ្យស្រ្តីកម្ពុជា ដែលយកសំលៀកបំពាក់ហូលខ្មែរស្ទើរគ្រប់ឈុត ក្បាច់រាំប្រជាប្រិយខ្មែរ និង កាយវិការទន់ភ្លន់ជានារីខ្មែរទៅបង្អួតបង្ហាញពិភពលោកអោយបានទទួលស្គាល់ពីក្មេងកំព្រា និងជាបងស្រីដ៏រឹងមាំខិតខំចិញ្ចឹមប្អូនៗអោយមានអនាគត តស៊ូចិញ្ចឹមថែទាំម្តាយកើតមហារីករហូតដល់លោកស្លាប់(6ឆ្នាំមុន) ។ ចូលរួមអបអរសាទរ និង អរគុណដល់បណ្តា Sponsor និង អ្នកគាំទ្រទាំងអស់ដែលនាងខ្ញុំនឹង Update បន្តទៀត។
សូមជម្រាបដែរថា កញ្ញា សោម ស្រីនាថ គឺជាតារាម៉ូដែល និងជាពិធីការិនីល្បីឈ្មោះដែលមកពីក្រុម Cambodia Supermodels ដែលធ្លាប់មានបទពិសោធន៍ដើរបង្ហាញម៉ូដរាប់ឆ្នាំ និងធ្លាប់ចេញទៅបង្ហាញម៉ូដនៅប្រទេសវៀតណាម និងថៃ៕






