សម្ដេចក្រឡាម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តបង្ហោះផ្សាយលើទំព័រហ្វេសប៊ុក អំពីលទ្ធផលនៃការដោះស្រាយមតិយោបល់ សំណើរ និងសំណូមពរប្រជាពលរដ្ឋ ដែលបានផ្ញើចូលមកតាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច។ ភ្លាមៗនោះដែរ ក៏មានពលរដ្ឋមួយចំនួនដែលមិនទាន់ទទួលបានដំណោះស្រាយ ចូលបញ្ចេញមតិស្នើសុំ សម្ដេច និងក្រុមការងារ ជួយពន្លឿនការឆ្លើយតប និងរកដំណោះស្រាយ។

«ថ្ងៃនេះ ខ្ញុំសូមបន្តជម្រាបជូនបងប្អូនជនរួមជាតិ អំពី លទ្ធផលការងារ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ប្រចាំឆមាសទី១ ឆ្នាំ២០២៣»។ សម្ដេច ស ខេង បានបញ្ជាក់បែបនេះ ដោយបន្ថែមថាចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី បានដោះស្រាយ និងឆ្លើយតបចំនួន ១៣២គណនី កំពុងដោះស្រាយចំនួន ១៨១គណនី។

សម្ដេចក៏បានឱ្យដឹងដែរថា បើគិតពីខែកក្កដា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារ ទទួលមតិយោបល់ សំណើ សំណូមពរ និងបញ្ហានានាចំនួន ៣.៧៧៧គណនី ក្នុងនោះបានដោះស្រាយឆ្លើយតប ២.២៦៦គណនី កំពុងពិនិត្យដោះស្រាយ៤៥៥គណនី។ សម្ដេចបន្ថែមថា «វឌ្ឍនភាពជាបន្តបន្ទាប់នៃការងារនេះ អាចសម្រេចបានក៏ដោយសារមានកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ»។

នៅពេលសម្ដេចក្រឡាហោម ស ខេង បង្ហោះយ៉ាងដូច្នេះ មានគណនីហ្វេសប៊ុកឈ្មោះ Nem Kea បានចូល Commentថា «ខ្ញុំបាទបានឆាតចូលផេកសម្តេចហេីយ​ តែពុំទាន់មានដំណោះស្រាយជូនខ្ញុំបាទ​នៅឡេីយទេ សូមក្រុមការងារជួយដោះស្រាយបញ្ហាជូនគ្រួសារខ្ញុំបាទផង»។ គួរកត់សម្គាល់ដែរថា ក្រៅពីម្ចាស់គណនីនេះ កន្លងមក ក៏មានពលរដ្ឋផ្សេងទៀត បានបញ្ចេញមតិស្នើសុំសម្ដេចក្រឡាហោម និងក្រុមការងារ ជួយពន្លឿនការឆ្លើយតប និងដោះស្រាយសំណើររបស់ពួកគាត់ដែរ។

សម្ដេចក្រឡាហោម ស ខេង តាមរយៈសំណេរបង្ហោះលើទំព័រហ្វេសប៊ុកនោះ បានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់សម្ដេច ដោយបន្ថែមថា«ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង»។ សម្ដេចក៏បានស្នើសុំការយល់យោគអធ្យាស្រ័យ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។

យ៉ាងណាក៏ដោយ ទន្ទឹមនឹងការកោតសរសើរមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួនដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍ សម្ដេចបន្ថែមថា«ខ្ញុំក៏សុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថាដំណោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាល៕

Share.