សិល្បៈ​អន្តរជាតិ​៖ មិន​មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​នោះ​ឡើយ​សម្រាប់​ការ​ច្រៀង​​ និង​ ​សម្ដែង​នៅ​លើ​ឆាក​បើ​និយាយ​ដល់​សមត្ថភាព​របស់​ Jungkook សមាជិក​ក្រុម​ចម្រៀង​ BTS ព្រោះ​​គេ​ជា​​តារា​មួយ​ដួង​ដែល​មាន​ទេពកោសល្យ​ខ្ពស់​បំផុត​ក្នុង​រង្វង់​សិល្បៈ​ K-Pop។ ​ក្រៅ​ពី​ទទួល​បាន​ការ​សរសើរ​ពី​ក្រុម​អ្នក​គាំទ្រ​ ARM ហើយ​នោះ​​ លោក​ក៏​​ទទួល​បាន​ការ​​សរសើរ​​ពី​សំណាក់​សាធារណជន​ចំពោះ​ការ​សម្ដែង​ដ៏​ល្អ​ឥតខ្ចោះ​របស់​លោក​នៅ​លើ​ឆាក​ផង​ដែរ​។

អ្នក​វិភាគ​និង​រិះគន់​តន្ត្រី​ដ៏​ល្បី​របស់​កូរ៉េ​ Kim Young Dae បាន​សរសេរ​អត្ថបទ​វិភាគ​នៅ​លើ​កាសែត​ Rolling Stones របស់​កូរ៉េ​ លើក​ឡើង​អំពី​បទ​ចម្រៀង​ «Butter» ដោយ​ក្នុង​អត្ថបទ​លោក​បាន​សរសើរ​ Jungkook ​ចំ​ៗ​ចំពោះ​សកម្មភាព​​សម្ដែង​នៅ​លើ​ឆាក ហើយ​ប្រៀប​ធៀប​សមត្ថភាព​សម្ដែង​របស់​យុវជន​រូប​នេះ​ទៅ​នឹង​អតីត​ស្ដេច​ចម្រៀង​ប៉ុប​ Michael Jackson និង​តារា​ចម្រៀង​ «The Lazy Song» លោក​ Bruno Mars ផង​ដែរ​។

ខាង​ក្រោម​នេះ​គឺជា​ការ​លើក​ឡើង​របស់​ Kim Young Dae ៖ «Joongkook គឺ​ជា​តារា​​ចម្រៀង​​លេច​​ធ្លោ​ទៅ​លើ​ការ​បង្កើត​រសជាតិតន្ត្រី​តាមរយៈ​ចង្វាក់​និង​ groove ឆ្លង​កាត់ ទាំង​ចង្វាក់​និង​សំឡេងលាយ​បញ្ចូល​គ្នា​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ស្រមៃ​ដល់​ Michael Jackson និង​ Bruno Mars។​​​​​

នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ដែល​តារា​ចម្រៀង​រូប​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រៀប​ប្រដូច​នឹង​កំពូល​តារា​ចម្រៀង​កម្រិត​​គ្រូ​ ព្រោះ​កន្លង​ៗ​មក​ អ្នក​បង្កើត​មាតិកា​ Youtube អ្នក​សរសេរ​ព័ត៌មាន​សិល្បៈ​ពី​ Rolling Stones អ្នក​វិភាគ​និង​រិះគន់​តូរ្យតន្ត្រី តែងតែ​យក​ Jungkook ទៅ​ប្រៀប​ជាមួយ​នឹង​ Michael Jackson ជា​និច្ច​ក្រោយ​បាន​ទស្សនា​បទ​ចម្រៀង​​ជា​ច្រើន​បទ​របស់​ក្រុម​ BTS រួច​។

ជា​ថ្មី​ម្ដង​ទៀត​ អ្នក​វិភាគ​និង​អ្នក​រិះគន់​បាន​ហៅ​ Jungkook ថា «តារា​ចម្រៀង​ Michael Jackson របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​» ព្រោះ​លោក​​មិន​ត្រឹម​តែ​មាន​សមត្ថភាព​សម្ដែង​និង​ច្រៀង​បាន​យ៉ាង​ល្អ​នៅ​លើ​ឆាក​នោះ​ទេ លោក​ថែម​ទាំង​អាច​អង្រួន​ឆាក​ទាំង​មូល​ផង​ដែរ​។​

ថ្វី​ត្បិត​អ្នក​គាំទ្រ​ជា​ច្រើន​ជឿថា​ Jungkook ​មាន​មនុស្ស​មាន​​សមត្ថភាព​​អស្ចារ្យ​ម្នាក់​​ ប៉ុន្តែ​ការ​ដែល​តារា​ដែល​ខ្លួន​ស្រលាញ់​គាំទ្រ​អាច​ប្រៀប​ប្រដូច​ជាមួយ​នឹង​អតីត​ស្ដេច​ចម្រៀង​ប៉ុប​ដ៏​មាន​ឥទ្ធិពល​ Michael Jackson គឺជា​រឿង​មួយ​ដែល​គួរ​ឱ្យ​រីករាយ​បំផុត​។ គួរ​ដឹង​ដែរ​ថា​ សមាជិក​ក្រុម​ចម្រៀង​ BTS សុទ្ធ​តែ​មាន​សមត្ថភាព​និង​ទេពកោសល្យ​ពហុជំនាញ​រៀងៗ​ខ្លួន​ ដូច្នេះ​ហើយ​ទើប​ក្រុម​នេះ​អាច​ឆក់​បាន​នូវ​ប្រជាប្រិយភាព​និង​សន្ទុះ​គាំទ្រ​ពី​ ARMY ទូទាំង​ពិភពលោក​៕

ប្រភព៖ Koreaboo

Share.