សិល្បៈជាតិ៖ មុននេះបន្តិច សារព័ត៌មានត្រយងបានទទួលដំណឹងថា កូនស្រីអ្នកនាង សឿ សុធារ៉ា គឺនាងតូច សាពូន ដារាពិមាន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្ដម ខៀវ កាញ្ញារិទ្ធ ប្រគល់ម៉ូតូ Honda Today ពណ៌ក្រហមមួយគ្រឿង បន្ទាប់ពីបានជួបនិងធ្វើការសំណេះសំណាលរួច នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣។

ផ្អែកតាមការលើកឡើងរបស់អ្នកនាង សឿ សុធារ៉ា បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «ម៉ូតូ HONDA កក់ក្តៅម្ល៉េះកូន សូមកូនស្រីស្ងួនឱ្យម៉ាក់ជិះផង ម៉ាក់ជិះពីក្រោយ អោបចង្កេះកូន កក់ក្តៅណាស់ស្ងួន ហើយកិត្តិយសណាស់ថ្លៃ កូនហើយចៅៗ សូមថ្លែងអរគុណណាស់ ដល់លោកពុករដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះអំណោយនិងថវិការដែលផ្តល់អោយកូន និងចៅៗដែលផុសចេញពីដួងចិត្តប្រណី មេត្តាពិតៗ»។

ដោយឡែក ក្រៅពីទំនុកបម្រុងលើមធ្យោបាយធ្វើដំណើររបស់ក្មួយស្រី សាពូន ដារាពិមាន ហើយនោះ គេនៅចាំបានថា កាលទើបតែក្រោកពីការព្យាបាលជំងឺផ្លូវចិត្តភ្លាមៗអ្នកនាង សឿ សុធារ៉ា និងកូនស្រី ក៏ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញ្ញារីទ្ធ និងលោកជំទាវ ផ្ដល់ជូននូវជម្រកថ្មីដែលមានតម្លៃ ២ ម៉ឺនដុល្លារ ដើម្បីកសាងជីវិតថ្មីឡើងវិញផងដែរ។
គួរជម្រាបបន្ថែមថា ក្មួយស្រី សាពូន ដារាពិមាន ក៏នឹងត្រៀមចេញបទចម្រៀងថ្មីនាពេលឆាប់ៗខាងមុខនេះដែលមានចំណងជើងថា «ពីក្រោយជោគជ័យគឺម៉ែ» ដែលបទនេះត្រូវបានគេដឹងថា ដកស្រង់ពីសាច់រឿងពិតនៃការតស៊ូរបស់ក្មួយស្រី ជាមួយនឹងម្ដាយនៅពេលជួបទុក្ខលំបាកក្នុងឆាកជីវិត៕
ចូលអាន៖ កូនស្រី សាពូន មីដាដា ត្រៀមបញ្ចេញបទថ្មីឆាប់ៗនេះ ផ្ទុយពីបំំណងឪពុក




