ព្រះរាជតួនាទីរបស់មហាក្សត្រថៃ កំពុងក្លាយជាឧបសគ្គសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីរបស់អនាគតនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ព្រោះតែលោក Pita Limjaroenrat គឺជាអ្នកចង់ស្នើសុំការធ្វើវិសោធនកម្មច្បាប់ «ប្រមាថព្រះមហាក្សត្រ» ដែលអាចនាំឲ្យប្រទេសមានសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍ធ្លាក់ចូលទៅក្នុងវិបត្តិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ អង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

ទោះបីជាបក្សចលនាឆ្ពោះទៅមុខ បានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយ បក្សភឿថៃ និងក្រុមចម្រុះរបស់ខ្លួននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា លើគណបក្សដែលគាំទ្រយោធាក៏ដោយ ក៏គណបក្សចលនាឆ្ពោះទៅមុខដែលដឹកនាំដោយ លោក Pita Limjaroenrat ប្រឈមមុខនឹងផ្លូវមិនច្បាស់លាស់ទៅកាន់ការបង្កើតរដ្ឋាភិបាលថ្មី។

មូលហេតុចំបង គឺថាផ្នែកនៃវេទិកានយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) គឺជាសំណើដែលមិននឹកស្មានដល់ក្នុងការធ្វើវិសោធនកម្មច្បាប់ «ប្រមាថព្រះមហាក្សត្រ» របស់ប្រទេសថៃ មាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ដែលដាក់ទោសការប្រមាថព្រះមហាក្សត្រ ដោយដាក់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។

នៅក្នុងប្រទេសដែលមានការគោរពចំពោះព្រះមហាក្សត្រអស់ជាច្រើនទសវត្សរ៍ ត្រូវបានលើកតម្កើងថា ជាចំណុចកណ្តាលនៃអត្តសញ្ញាណជាតិ គំនិតនេះគឺជ្រុលនិយម ដែលមានគណបក្សភាគតិច និងសមាជិកព្រឹទ្ធសភាជាច្រើននាក់ដែលត្រូវបានតែងតាំងដោយយោធា បានប្តេជ្ញាថា នឹងរារាំង លោក Pita ពីការក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

សមាជិកព្រឹទ្ធសភាលោក Seri Suwanpanon បានប្រាប់ភ្នាក់ងារ រ៉យទ័រ ថា «ការស្នើវិសោធនកម្មនេះ គឺជាការមិនគោរព និងជាការប្រមាថដល់របបរាជានិយម»។

ដោយឡែកក្រុម​អ្នក​រិះគន់បាននិយាយ​ថា យោធា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​បាន​ទាមទារ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ​រាជាធិបតេយ្យ​ ដើម្បី​បង្ហាញ​អំពី​ការ​ធ្វើ​អន្តរាគមន៍​ក្នុង​នយោបាយ និង​បាន​ប្រើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ដើម្បី​រារាំង​អ្នក​មិន​គាំទ្រពួកគេ។

នៅក្នុងសភា រូបសំណាកដ៏ធំរបស់ព្រះមហាក្សត្រ Maha Vajiralongkorn នឹងត្រូវព្យួរលើសភា ដែលសមាជិកនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ ខាងមុខនេះ។

ព្រះមហាក្សត្រ Maha Vajiralongkorn ព្រះជន្ម ៧០ព្រះវស្សា ដែលមិនមានតួនាទីក្នុងការជ្រើសរើសរដ្ឋាភិបាល បានរក្សាភាពស្ងៀមស្ងាត់ចំពោះបញ្ហាប្រមាថព្រះមហាក្សត្រចាប់តាំងពីការបោះឆ្នោត។ ព្រះបរមរាជវាំង​មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​អ្វីទេ។

យ៉ាងណាម៉ិញ ប៉ូលីស ​និងយោធា បានចាប់ផ្ដើមពង្រឹងសុវត្ថិភាពសន្ដិសុខនៅតាមតំបន់សំខាន់ៗ ដែលមានហានិភ័យខ្ពស់ រួមទាំងបង្កើតកន្លែងឃុំឃាំងពិសេសចំនួន៣ ដោយសារតែស្ថានភាពនៅក្នុងប្រទេសហាក់បីដូចជាមិនសូវមានស្ថិរភាព។

ប្រសិនបើលោក Pita Limjaroenrat នៅតែជាបេក្ខភាពនាយករដ្ឋមន្រ្តីទាំងមិនផ្លាស់ប្ដូរជំហរលើការកែប្រែមាត្រា១១២ ដ៏រសើបនៃរដ្ឋធម្មនុញ្ញនោះ សមាជិកសភា ជាពិសេសអ្នកគាំទ្រយោធា ប្រហែលជាមិនបោះឆ្នោតឲ្យលោកក្លាយជានាយករដ្ឋមន្រ្តីថ្មីនោះទេ។

ចំណុចទាំងអស់នេះហើយ ទើបនាយកដ្ឋានប៉ូលីសក្រុង កំពុងតែត្រៀមខ្លួនដើម្បីធានាសុវត្ថិភាព និង ត្រៀមដោះស្រាយចំពោះភាពចលាចល ឬ ការរំខានណាមួយដល់រដ្ឋាភិបាលរបស់ប្រទេស៕

ប្រភព៖ CNA

Share.