សិល្បៈ​ជាតិ​៖​ ភាពយន្ត​ «​Mission​ Impossible​: ​Dead ​Reckoning​ – ​Part​ I​»​ បាន​ដាក់​បញ្ចាំង​ថ្ងៃ​ដំបូង​ជាមួយ​នឹង​ការ​ដាក់​សម្ពោធ​ Screen​ X​ នៅអ៊ីអន៣​ ដែល​ជា​អេក្រង់​យក្ស​ទំហំ​ ២៧០ ដឺក្រេ​ ដឺក្រេ​ក្នុង​រោង​ភាពយន្ត​ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​នៃ​ការ​ទស្សនា​ភាពយន្ត​ដែល​មាន​អារម្មណ៍​ថា​ដូច​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ពិត​ៗ​។​

ភាព​អស្ចារ្យ​នៃ​ Screen​ X​ លោក​ ជី​ សិលា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​នេះ​គឺ​បច្ចេកវិទ្យាថ្មី​ចុងក្រោយ​គេបង្អស់​ដែល​ផ្ដល់​នូវ​ការ​ទស្សនា​ខ្សែភាពយន្ត​ជាប្រភេទ​ Screen​ X​ ដែល​ជា​ប្រភេទ​អេក្រង់​ ២៧០ដឺក្រេ​ មាន​អេក្រង់​បញ្ចាំង​រហូត​​ដល់ទៅ​៣ ​ស្ថិត​នៅ​ក្នុង​រោង​តែ​មួយ​ រួម​ជាមួយ​នឹង​ម៉ាស៊ីន​បញ្ចាំង​ (projector) រហូត​ដល់​ទៅ​៥​ ឯ​ណោះ​ និងមានទាំង ៤៩៩ កៅអី ដែល​អាច​ឱ្យ​ទស្ស​និក​ជនទស្សនា​បាន​ពេញ​ភ្នែក​ ប្រៀប​ដូច​អ្នក​អង្គុយ​ទស្សនា​ ស្ថិត​នៅ​ក្នុង​ឈុត​ឆាក​ហេតុការណ៍​សាច់​រឿង​នោះ​ផ្ទាល់តែម្តង​ ដែល​រោងភាពយន្ត​ធម្មតា​មិន​ធ្លាប់​មាន​។ ហើយ​នេះ​ក៏​ជា​បទ​ពិសោធន៍​ថ្មីមួយ​សម្រាប់​អ្នកនិយម​ និង​ចូលចិត្ត​មើល​ភាពយន្ត​ទទួល​បាន​នូវ​អារម្មណ៍​ប្លែក​។​

សូម​ជម្រាប​ថា​ ភាពយន្ត​ «​Mission​ Impossible​: Dead​ Reckoning​- Part​ I​» ភាគ​ដំបូង​នេះ​ តួ​អង្គ​Tom ​Cruise​ និង​ក្រុម​ IMF ​របស់​លោក​បាន​ចាប់​ផ្តើម​បេសកកម្ម​ដ៏​គ្រោះ​ថ្នាក់​បំផុត​របស់​ពួក​គេ​ ដើម្បី​តាម​រក​កូន​សោ​ដែល​អាច​ការពារ​ការ​បំផ្ទុះ​អាវុធ​ថ្មី​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​ ដែល​គំរាម​កំហែង​ដល់​មនុស្ស​ជាតិ​ទាំង​អស់​នៅ​លើ​ភព​ផែន​ដី​ និង​មុន​ពេល​កូន​សោ​នោះ​ធ្លាក់​ទៅ​ក្នុង​ដៃ​ក្រុម​មនុស្ស​អាក្រក់​។ ជាមួយ​នឹង​ការ​គ្រប់គ្រង​នៃ​អនាគត​ និង​ជោគវាសនា​របស់​ពិភព​លោក​ កង​កម្លាំង​ពី​អតីតកាល​របស់​ Tom ​Cruise​ បាន​ប្រណាំង​ប្រជែង​ និង​ឈុត​ឆាក​ដ៏​សាហាវ​នៅ​ជុំវិញ​ពិភព​លោក​ចាប់​ផ្តើម​។ ហើយ​នេះ​គ្រាន់​តែ​ជា​សាច់​រឿង​ចាប់ផ្តើម​ប៉ុណ្ណោះ​ ប៉ុន្តែ​វា​ពិត​ជា​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ប្រហោង​ពោះ​គ្រប់​គ្នា​ជាមួយ​ឈុត​ឆាក​រន្ធត់​ៗ​ព្រលឹង​ចុង​សក់​។​

យ៉ាង​ណាមិញ​ ភាពយន្ត​ «​Mission​ Impossible:​ Dead​ Reckoning​- Part​ I​» មាន​​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត ​Major​ Cineplex ​By​ Smart​ ​ពីថ្ងៃទី​ 11 ខែ ​កក្កដា​ 2023​ នេះ​ត​ទៅ៕​

Share.