
នៅរសៀលថ្ងៃទី១១ កក្កដានេះ លោកគ្រូ អេភូថង បានបង្ហោះសានៅលើកហ្វេសផ្ទាល់ខ្លួនរបស់លោកគ្រូពីវត្តមានរបស់អ្នកលេងគុនខ្មែរ ធឿន ធារ៉ា ដែលបានបាត់មុខមិនឃើញនៅក្លិបថ្មី ឬមួយនៅក្លិបផ្សេងយ៉ាណា។
ពេលនេះបានបង្ហាញហើយ ដោយលោកគ្រូបានសសេររៀបរាប់ថា៖«ឃើញបងប្អូនជាច្រើនឆ្ងល់រឿង ធឿន ធារ៉ា ហេតុអីមិនឃើញរូបនៅក្លិបថ្មី រឺធារ៉ា នៅក្លិបផ្សេង? ឥលូវខ្ញុំសូមប្រាប់បងប្អូនឲ្យដឹងថា៖ ទី1. ធឿន ធារ៉ា គាត់នៅក្លិបខ្ញុំដដែលទេ គាត់មិនបានចេញទៅណាទេ ទី2. មិនមានរូបក្នុងក្លិបថ្មីដោយសារគាត់ជាប់កុងត្រាជាមួយប៉ុស្តិ៍ ថោន មិនទាន់ផុតកុងត្រា ។ហើយមួយទៀតសប្ដាហ៍នេះបងប្អូននឹងបានឃើញគាត់ឡើងសង្វៀនវិញហើយ»។

សូមរំលឹកថា កាលពេលថ្មីៗអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសចាប់ដៃជាមួយក្លិបប្រដាល់គុនខ្មែរ របស់លោកគ្រូ អេ ភូថង ដែលកំពុងលំបាកខ្វះខាត ដោយប្តូរឈ្មោះថ្មីទៅជា «ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថងក្លិប» ហើយអាចបង្កើតកម្មវិធី និងស្វែងរកម្ចាស់ឧបត្ថម្ភ ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់ក្លិបអេភូថងគុនខ្មែរ។
ខណ:កីឡាករគុនខ្មែរ ធឿន ធារ៉ា បានស្ងាត់មួយរយ:ក្រោយបរាជ័យក្រោមថ្វីដៃអ្នកប្រយុទ្ធជើងខ្លាំង លំដាប់ A របស់ថៃ Krongchak Por.Paoin Sor Jor Pheakuothai ធ្វើឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៤ បន្ទាប់ពីត្រូវបានកីឡាករថៃ Krongchak ទាត់ឲ្យខូចដៃ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនអ្នកប្រយុទ្ធគុនខ្មែរ ដែលរៀបចំនៅលើសង្វៀនបាយ័ន កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា កន្លងទៅ។
សូមជម្រាប់ថា អ្នកលេងគុនខ្មែរ ធឿន ធារ៉ា បានគ្រងខ្សែក្រវាត់ពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ «THAI FIGHT 100 Years Nakhon Ban» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះកីឡាករថៃ សៃយុគ ភុមផាន់មួង ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមទឹក១ ក្រោយគ្រូពេទ្យពិនិត្យមុខរបួសធ្ងន់ធ្ងរ។

ធឿន ធារ៉ា គឺជាកូនចៅអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង ខណ:ក្នុងវិស័យគុនខ្មែររូបគេត្រូវជាកូនសិស្សលោក អេ ភូថង ដែលអ្នកគាំទ្រប្រដាល់ដាក់រហ័សនាមថាអ្នកលេងកែងពូថៅដៃខ្លី។ជីវិតនៅធ្វើការប្រើកម្លាំងបាយនៅប្រទេសថៃទាំងដែលខ្លួននៅវ័យកុមារ និងមិនបានរៀនសូត្រ គឺជួបព្យុះភ្លៀងនិងផលលំបាកជាច្រើន ប៉ុន្តែនៅតែប្រឹងតស៊ូជាមួយគ្រួសារ ដោយមានគោលបំណងតែមួយគឺដើម្បីរកលុយ៕

