នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា វ័យ ៦៩ឆ្នាំ បានប្រកាសនាថ្ងៃអង្គារ នេះថា លោកចូលនិវត្តន៍ពីនយោបាយ បន្ទាប់ពីបានឡើងកាន់អំណាចអស់រយៈពេល ៩ឆ្នាំ ក្នុងរដ្ឋប្រហារយោធា ហើយបានសន្យាថា នឹងបន្តកាន់តំណែងជាបណ្តោះអាសន្នប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣។

លោក ប្រាយុទ្ធ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា «ចាប់ពីពេលនេះតទៅ ខ្ញុំចង់លាឈប់ពីនយោបាយ និងលាលែងពីសមាជិកនៃគណបក្ស United Thai Nation Party។ ប៉ុន្ដែ លោកនឹងនៅតែបន្ដធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងរួចរាល់។

លោក បាននិយាយយ៉ាងដូច្នោះថា «ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី បានខិតខំការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋជាទីគោរព។ ចំណែកលទ្ធផលបច្ចុប្បន្នកំពុងបង្កើតផ្លែផ្កាសម្រាប់សាធារណជនទាំងអស់។ ខ្ញុំបានព្យាយាមពង្រឹងប្រទេសលើគ្រប់វិស័យឲ្យមានស្ថិរភាព និងសន្ដិភាព រួមទាំងបានជំនះឧបសគ្គជាច្រើនក្នុងប្រទេស និងក្រៅប្រទេស»។

ក្នុងរយៈពេល ៩ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ២០១៤ លោក ប្រាយុទ្ធ ចាន់អូចា បានរួចផុតពីបញ្ហាប្រឈមជាច្រើនតាមរយៈសំណុំរឿងតុលាការ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងការតវ៉ាតាមដងផ្លូវដោយពួកប្រឆាំងដែលមើលឃើញថា លោកជាអ្នកឆ្លៀតឱកាសលើបញ្ហាផ្សេងៗ។

សេចក្ដីប្រកាសរបស់លោក ប្រាយុទ្ធ បានធ្វើឡើងនៅពេលដែលសភាថ្មីរៀបចំកោះប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើសថា តើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី ដែលជាការបោះឆ្នោតទទួលយកលទ្ធផលសម្រេចជាក់លាក់ដោយសមាជិកសភា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ខាងមុខនេះ។

ទាក់ទិននឹងបញ្ហានេះ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោត គឺ លោក ភីថា លឹមចារឿនរ៉ាត់ បានអះអាងថា «លោកនឹងមានការគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្រ្តី»។

សូមជម្រាបថា ការជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី នឹងប្រព្រឹត្តទៅដោយការបោះឆ្នោតរួមគ្នាពីសំណាក់សមាជិករដ្ឋសភាទាំង ៥០០នាក់ និងសមាជិកព្រឹទ្ធសភា ២៥០នាក់ទៀត ដែលត្រូវបានតែងតាំង​​ដោយអតីតរដ្ឋាភិបាលយោធាថៃ។ ក្រុមចម្រុះរបស់គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) មានអាសនៈក្នុងដៃសរុប ៣១២អាសនៈ នៅរដ្ឋសភា ខណៈលោក ភីថា ត្រូវការការគាំទ្រសរុប ៣៧៦អាសនៈ ទើបគ្រប់គ្រាន់អាចក្លាយជានាយករដ្ឋមន្រ្តីថៃបន្ទាប់ពីលោក ប្រាយុទ្ធ៕

ប្រភព៖ Reuters

Share.