ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តចំនួនពី៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅកាន់ស្រុកកំណើត សម្រាប់ចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។


តាមប្រសាសន៍ សម្តេច តេជោ ហ៊ុនសែន នាល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានផ្ញើសារជាសំឡេងតាមតេឡេក្រាម ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អភិបាលរាជធានីភ្នំពេញ និងជូនចំពោះកម្មករ កម្មការិនីទាំងអស់ ដូចដែលបានដឹងហើយថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ កម្មការិនី បានឈប់សម្រាលរយៈពេល៣ថ្ងៃ ដើម្បីធ្វើដំណើរទៅចូលរួមធ្វើការបោះឆ្នោត។

សម្ដេច តេជោ បន្តថា ដោយសារតែតម្រូវការនៃការធ្វើដំណើរមានចំនួនច្រើន មធ្យោបាយដឹកជញ្ជូនរបស់យើងពិតជាមានបញ្ហា ដែលអាចបង្កើននូវការពិបាកក្នុងការធ្វើដំណើរដោយខ្វះមធ្យោបាយ ឬការដំឡើងថ្លៃជាដើម។

ក្នុងន័យនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ សម្តេច បានបញ្ជាឲ្យឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តចំនួនពី៣០០ ទៅ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ កម្មការិនីទៅកាន់ស្រុកកំណើត សម្រាប់ចូលរួមការបោះឆ្នោត ដោយមិនមានការយកលុយកាក់ នឹងប្រកាន់និន្នាការនយោយ ឬមុនឡើងឡានសួរថាទៅបោះឆ្នោតឪ្យគណបក្សណាមួយឡើយ ពិសេសត្រូវមានភាពទទួលខុសត្រូវនៅពេលធ្វើដំណើរទាំងថ្ងៃទៅ និងថ្ងៃត្រលប់មកវិញ គឺថ្ងៃទី២២ដឹកទៅ ថ្ងៃទី២៤ដឹកត្រលប់មកវិញ និងត្រូវរៀបចំយ៉ាងណាឲ្យអ្នកបើករបរយន្តក្រុង ត្រូវតែបានទៅបោះឆ្នោតទាំងអស់គ្នាមិនត្រូវឲ្យខកខានឡើយ ៕

Share.