ទីបំផុតទៅ ស្ថាប័នរៀ់បចំការបោះឆ្នោតថៃ បានបញ្ជូនសំណុំរឿងលោក ភីតា បេក្ខជននាយករដ្ឋមន្រ្តីបក្សឈ្នះឆ្នោតថៃ ទៅតុលាការធម្មនុញ្ញហើយនាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣នេះ។ ការបញ្ជូននេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃរកឃើញភស្តុតាងជាក់លាក់ថាលោកបានបំពានច្បាប់បោះឆ្នោត។ នេះបើតាមការផ្សាយរបស់ AP News នាទី១២ ខែកក្កដា ឆ្នាំ២០២៣។

គួររម្លឹកថា លោក ភីតា ត្រូវបានបក្សប្រឆាំងថៃប្ដឹងចោទថាលោកជាប់ពាក់ពន្ធនឹងការកាន់កាប់ភាគហ៊ុនក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ​ ដែលបើតាមច្បាប់បោះឆ្នោតថៃ បេក្ខជនឈរឈ្មោះបោះឆ្នោត មិនត្រូវជាប់ពាក់ព័ន្ធនឹងភាគហ៊ុនបែបនេះឡើយ។ តាមច្បាប់ថៃ លោក ភីតា ដែលកំពុងស្ថិតក្នុងភាពស្រពិចស្រពិលចំពោះការកាន់មុខតំណែងនាយករដ្ឋមន្រ្តីថៃផងនោះ អាចនឹងត្រូវព្យួរតួនាទីជាសមាជិកសភា រហូតមានការចេញសេចក្ដីសម្រេចពីតុលាការធម្មនុញ្ញ»។ ដូច្នេះ សំណុំរឿងនេះ កំពុងក្លាយជាឧបសគ្គថ្មីមួយទៀត ក្នុងដំណើរឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្រ្តី។

ផ្អែកតាមច្បាប់ថៃ រដ្ឋសភាថ្មីនឹងមិនអាចដាក់ឈ្មោះ លោក ភីតា ជាបេក្ខជនត្រូវទទួលការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យកាន់មុខតំណែងជានាយករដ្ឋមន្រ្តីឡើយ ពីព្រោះឈ្មោះលោកបានឡើងទៅតុលាការធម្មនុញ្ញហើយ។ បើគ្មានការប្រែប្រួលទេ សភាថៃ នឹងបើកសម័យប្រជុំរបស់ខ្លួន នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តបេក្ខជននាយករដ្ឋមន្រ្តីថ្មី។

សូមបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខរបស់លោក ភីតា បានទទួលជ័យជំនះលំដាប់ទី១ដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០២៣ ដោយទទួលបាន១៥១អាសនៈក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកចំនួន៥០០អាសនៈ។

គណបក្សចលនាឆ្ពោះទៅមុខរបស់លោក ភីតា ក៏បានកៀគរកម្លាំងគាំទ្រពីគណបក្សចម្រុះបានចំនួន៨ បង្កើនបានអាសនៈសម្ព័ន្ធមិត្តបក្សបានដល់ទៅ៣១២សំឡេង។ ចំនួននេះ បានត្រួសត្រាស់ផ្លូវកាន់តែកៀក ដែលអាចជួយឲ្យលោក ភីតា មានឱកាសទទួលបានសំឡេងគាំទ្រសម្រាប់ការកាន់មុខតំណែងជានាយករដ្ឋមន្រ្តីថៃវ័យក្មេងបំផុត។

យ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅកាន់មុខតំណែងជានាយករដ្ឋមន្រ្តីរបស់លោក ភីតា ក៏នៅតែមានភាពស្រពិចស្រពិលដែរ ដ្បិតលោកត្រូវការសំឡេងបន្ថែមទៀតពីក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំង២៥០អាសនៈដែលភាគច្រើនសុទ្ធតែមានទំនោរគាំទ្ររបបរាជានិយម និងកម្លាំងយោធា។ អនាគតនាយករដ្ឋមន្រ្តីថៃ ជានរណា? ថៃនឹងមានស្ថានការណ៍នយោបាយប្រែប្រួលកម្រិតណា? ប្រព័ន្ធផ្សព្វផ្សាយធំៗកំពុងតាមដានរឿងរ៉ាវនេះនៅថ្ងៃទី១២ ខែកក្កដា ស្អែកនេះ៕

ប្រភព៖ AP News

Share.