ភ្នំពេញ ៖ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ខណៈដែលកំពុងរត់លេងមុខផ្ទះ ត្រូវបានស្ត្រីសង្ស័យម្នាក់ជិះម៉ូតូទៅឃើញ ឆ្លៀតឱកាសធ្វើសកម្មភាពលួងលោមដោះយកក្រវិលមាសទម្ងន់៣ហ៊ុន បានសម្រេចហើយ តែគេចមិនទាន់ ពលរដ្ឋចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នៅផ្លូវបេតុង ក្រុម៤ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សង្ស័យមានឈ្មោះ ឈាង ស្រីលីន ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមឪពុកម្តាយក្មេងរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ កូនស្រីរបស់គាត់អាយុទើប៣ឆ្នាំ នៅរត់លេខតាមផ្លូវមុខផ្ទះ ចំណែកពួកគាត់ប្តីប្រពន្ធ ជាប់រវល់តែលក់ដូរ ក្នុងផ្ទះ ស្រាប់តែមានស្ត្រីសង្ស័យម្នាក់ ជិះ
ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-1076 មកដល់ចុះទៅហៅក្មេងស្រីរងគ្រោះ លួងលោម ដោះយកក្រវិលមាសទម្ងន់៣ហ៊ុន បានសម្រេចហើយ រៀបឡើងជិះម៉ូតូចាកចេញ ត្រូវបានប្រជាពលរដ្ឋស្រែកប្រាប់ ផ្អើលឆោឡោ ចាប់ឃាត់ស្ត្រីសង្ស័យបាន យកក្រវិលមាសមកវិញ ។

ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ចំណែកក្រវិលមាសត្រូវបានប្រគល់ជូនឪពុកម្តាយក្មេងរងគ្រោះវិញ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.