សិល្បៈ​ជាតិ​៖​ កន្លងមក​ មហាជន​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​បាន​ដឹង​ខ្លះ​ហើយ​ថា​ បវរកញ្ញា​ភេទ​ទី​៣​ An​ Jolyden​ ធ្លាប់​បាន​លាលែង​ពី​តំណែង​ Miss​ Queen​ លំដាប់​រង​ទី​ ១​ ឆ្នាំ​ ២០២២​ បន្ទាប់​ពី​កញ្ញា​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ និង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​។ ស្រាប់​តែ​ថ្មី​ៗ​នេះ​ បវរកញ្ញា​ភេទ​ទី៣​ រូប​នេះ​ចូល​មក​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Miss​ Universe​ Cambodia​ 2023 ​វិញ​ម្ដង​។

អាច​និយាយ​ថា​ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដែល​ពិសេស​ខ្លាំង​មែនទែន​ ដែល​ស្ត្រី​កែ​ភេទ​កាន់​អត្តសញ្ញាណ​បណ្ណែ ​និង​លិខិត​ឆ្លង​ដែន​ដែល​មាន​បញ្ជាក់​ថា​ភេទ​ស្រី​ អាច​ចូល​រួម​ប្រកួត​ប្រជែង​នៅ​លើ​វេទិកា​របស់ ​Miss ​Universe។​ ជាក់ស្ដែង​នៅក្នុង​ប្រទេស​កម្ពុជា​ Miss​ Universe​ Cambodia​ 2023​ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​មហាហង្ស​ ក៏​បាន​ផ្ដល់​ឱកាស​ពិសេស​នេះ​ដល់​បេក្ខភាព​បវរកញ្ញា​ភេទ​ទី​៣​ តាម​លក្ខខណ្ឌ​កំណត់​ថ្មី​នេះ​ដែរ​។

យ៉ាង​ណា​មិញ​ មក​ទល់​ថ្ងៃ​ទី​ ១២​ ខែ​កក្កដា​ នេះ​ បវរកញ្ញា​ភេទ​ទី​៣​ An​ Jolyden​ ក៏​ទទួល​បាន​ការ​ប្រកាស​ជា​ផ្លូវការ​ថា​ គឺ​ជា​បេក្ខភាព​ផ្លូវ​ការ​ក្នុង​ចំណោម​បេក្ខភាព​ ២៣​ រូប​ដែល​អាច​បន្ត​ចូល​រួម​ប្រកួត​ Miss ​Universe​ Cambodia​ 2023​ ក្រោយ​ពី​កញ្ញា​បាន​ជាប់​ជុំ​ដំបូង​នៃ​ការ​ប្រកួត​វគ្គ​រូប​ថត​នៅ​លើ​បណ្ដាញ​សង្គម​។​ ដោយឡែក​បេក្ខភាព​ស្ត្រី​កែ​ភេទ​នៅ​ក្នុង​ឆ្នាំ​នេះ​ ក៏​មិនមែន​មាន​តែ​កញ្ញា​ An ​Jolyden ​នោះ​ដែរ​ ពោល​គឺ​មាន​បេក្ខភាព​ស្ដ្រី​កែ​ភេទ​ដទៃ​ទៀត​ចូល​រួម​ប្រកួត​ប្រជែង​ដូច​ជា​កញ្ញា ​Sai ​Fhon ​ជា​ដើម​។

សូម​ជម្រាប​ថា​ បវរកញ្ញា​ភេទ​ទី​៣​ An​ Jolyden ​មាន​វ័យ ​២៥​ ឆ្នាំ​ ​មាន​កំពស់​ 180​ សង់ទីម៉ែត្រ ដែលមានជំនាញ Makeup រចនាម៉ូដ និងបង្ហាញម៉ូដ៕

Share.