កណ្តាល៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានប្រើហិង្សា​វាយកាប់គ្នាជាមួយភាគីម្ខាងទៀតបណ្តាលឲ្យរបួសដៃម្ខាង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៣:១០នាទីនៅចំណុច ភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ ស៊ីផុន ប៉ាលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះ សុខ ចេក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល រងរបួសត្រូវកដៃខាងឆ្វេង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីពេលកន្លងទៅជនរងគ្រោះហើយ និងជនសង្ស័យ គឺមិនសូវត្រូវគ្នានោះទេ ដោយសារតែជនរងគ្រោះតែងតែនិយាយដៀមដាមមើលងាយទៅលើជនសង្ស័យជាប្រចាំ។ លុះមកដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣:១០នាទី ជនសង្ស័យបានទៅអង្គុយលេងនៅផ្ទះលោកយាយរបស់ខ្លួន ដែលមានទីលំនៅក្នុងភូមិព្រែកហង់ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ពេលនោះស្រាប់តែឃើញជនរងគ្រោះ បានដើរមកដល់ហើយបាននិយាយបោះពាក្យសម្តីឌឺដងមើលងាយទៅលើជនសង្ស័យ ធ្វើឲ្យមានទំនាស់ពាក្យសម្តីនឹងគ្នាទៅវិញទៅមក ហើយជនរងគ្រោះខឹងបានទាញយកដំបងឬស្សីមួយកំណាត់ យកមកវាយទៅលើជនសង្ស័យត្រូវមួយដំបងចំកំភួនដៃខាងឆ្វេង ភ្លាមនោះជនសង្ស័យខឹងក៏បានទាញយកកណ្តៀវ យកមកកាប់ទៅលើជនរងគ្រោះចំនួន០២កណ្តៀវ ត្រូវចំកដៃខាងឆ្វេង បណ្តាលឲ្យមុតហូរឈាម រួចជនសង្ស័យបានដើរទៅដេកនៅផ្ទះបាត់ទៅ ។ឯជនរងគ្រោះក៏ត្រូវបានអ្នកជិតខាងនាំគ្នាដឹកយកទៅព្យាបាលដេរមុខរបួស នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលពោធិ៍បាន នាំខ្លួនមកប៉ុស្តិ៍ដើម្បីសួរនាំអំពីរឿងហេតុដែលកើតឡើង ដោយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានយកកណ្តៀវកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើនេះ សមត្ថកិច្ចយើងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កណ្តាល

Share.